(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលដំណឹងភ្លាមៗ អំពីស្ថានភាពកីឡាករ ចាន់ ប៊ុនហឿន ដែលបានរងរបួសដាច់សរសៃជង្គង់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនកីឡាករ ចាន់ ប៊ុនហឿន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមជូនពរ កីឡាករ ចាន់ ប៊ុនហឿន ឆាប់បានជាសះស្បើយ ដើម្បីវិលត្រលប់មកសភាពដើមវិញ។ អំណោយដែលបានផ្តល់ជូនរួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ ធី លីថូ










