(សៀមរាប)៖ រូបភាពទិដ្ឋភាពដ៏ស្រស់ស្អាតនៃផ្ការាំងពណ៌ក្រហមស្រស់ ដែលបានជ្រុះរាយប៉ាយនៅលើផ្ទៃទឹក និងក្រាលគ្របលើដីជុំវិញបរិវេណប្រាសាទបាភួន ក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប កំពុងតែអង្រួនបេះដូងមហាជននៅលើបណ្តាញសង្គម ព្រមទាំងទាក់ទាញភ្នែកភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាយ៉ាងច្រើនកុះករ។ វត្តមាននៃដើមរាំងបុរាណទាំងនេះ បានបន្តក់តំណក់ពណ៌ក្រហមបង្កើតជា «ព្រំធម្មជាតិ» យ៉ាងរស់រវើក រំលេចនូវសម្រស់ប្រាសាទថ្មបុរាណឱ្យកាន់តែមានសោភ័ណភាពទាក់ទាញទ្វេដង។
លោកអ្នកដែលបានទៅដល់ទីនោះ មិនត្រឹមតែបានស្ងើចសរសើរពីភាពអស្ចារ្យ និងភាពស្កឹមស្កៃនៃប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តិតយករូបភាពអនុស្សាវរីយ៍ដ៏មានន័យនៃផ្ការាំងដែលទុំជ្រុះ បង្កើតជាផ្ទាំងទេសភាពធម្មជាតិដ៏ត្រកាលផងដែរ។ លក្ខណៈពិសេសនៃផ្ការាំង គឺវាតែងតែរីកលាតត្រដាងកេសរនៅពេលយប់ ហើយចាប់ផ្តើមជ្រុះរោយរៀបរយលើដី និងផ្ទៃទឹកនៅពេលព្រឹកព្រលឹម។ ដូច្នេះ ការទៅទស្សនានៅពេលព្រឹកព្រហៀម គឺជាពេលវេលាមាសដ៏ល្អឯកបំផុត ក្នុងការគយគន់ និងថតរូបព្រំផ្ការាំងពណ៌ក្រហមឆ្អៅនេះ។
សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមានបំណងចង់ទៅទស្សនា និងផ្តិតយករូបភាពដ៏ស្អាតៗទាំងនេះ សូមប្រញាប់រៀបចំដំណើរកម្សាន្ត ដោយសារតែរដូវកាលផ្ការាំងរីកមានរយៈពេលខ្លីប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមថែរក្សាអនាម័យ បរិស្ថាន និងគោរពតាម «ក្រមប្រតិបត្តិអង្គរ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកថែរក្សាតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់យើងឱ្យនៅគង់វង្សយូរអង្វែង៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា
ដោយ៖ ធី លីថូ















