跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងបរិស្ថានរឹតបន្តឹងការសាងសង់ខុសច្បាប់នៅគិរីរម្យ ខណៈសម្តេចធិបតីបញ្ជាឱ្យរក្សាសាលាដូងទុកជាប្រយោជន៍សង្គម

KPS99TV历史原文 · 暂无当前语言译文

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានដាក់ចេញវិធានការក្តៅនិងតឹងរឹងបំផុត ទៅដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យចាត់វិធានការច្បាប់ចំពោះការទន្ទ្រានដីធ្លី និងការសាងសង់ផ្ទះលំហែខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ ឬឧទ្យានជាតិគិរីរម្យ។ ការណ៍នេះធ្វើឡើងក្រោយរកឃើញថា សំណង់អនាធិបតេយ្យទាំងនោះបានប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថាន និងបានជ្រៀតចូលក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ។

ដោយឡែក ជុំវិញការបារម្ភពីការរុះរើ «សាលាដូង» វិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្ត និងសកម្មភាពជាក់ស្តែងរបស់ស្ថាបនិកសាលា ដែលបានជួយបណ្តុះបណ្តាលកុមារក្នុងភូមិជាង ១៥០ នាក់។ សម្តេចធិបតី បានចេញបទបញ្ជាបន្ទាន់ឱ្យផ្អាកការរុះរើ និងរក្សាស្ថានភាពដំណើរការសាលាដូងជាធម្មតា ព្រមទាំងចាត់តាំងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះសិក្សាស្វែងរកដំណោះស្រាយប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានបញ្ជាក់ថា សាលាដូងមិនមានការពាក់ព័ន្ធនឹងដីយោធាដែលត្រូវរុះរើឡើយ ប៉ុន្តែត្រូវកែសម្រួលខ្សែបណ្តាញអគ្គិសនីមកប្រើប្រាស់ថាមពលសូឡាវិញ ដើម្បីការពារបរិស្ថាន ក្រោមការឧបត្ថម្ភផ្ទាល់ពីលោករដ្ឋមន្ត្រី។

វិធានការក្តៅនៅគិរីរម្យ៖ រដ្ឋមន្ត្រីបរិស្ថានទប់ស្កាត់សំណង់ខុសច្បាប់ថ្មីៗ ខណៈសម្តេចធិបតីបញ្ជាឱ្យរក្សាទុក និងគាំទ្រ «សាលាដូង» ឱ្យបន្តដំណើរការ

ក្រសួងបរិស្ថានបានដាក់វិធានការយ៉ាងតឹងរឹង បញ្ជាឱ្យផ្អាក និងចាត់វិធានការច្បាប់ភ្លាមៗ ចំពោះរាល់ការសាងសង់សំណង់ថ្មី និងការកាប់ទន្ទ្រានដីធ្លីខុសច្បាប់ នៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ ឬឧទ្យានជាតិគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីការពារសណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានទេសចរណ៍។

នៅក្នុងការចុះពិនិត្យផ្ទាល់នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម រដ្ឋមន្ត្រី អ៊ាង សុផល្លែត បានឃើញថា មានសំណង់ និងផ្ទះលំហែខុសច្បាប់ជាច្រើនកន្លែង បានសង់រំលោភចូលទៅក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោគីរីរម្យ ដែលតម្រូវឱ្យមានការរុះរើចេញជាបន្ទាន់។

ទាក់ទិននឹងការភ្ញាក់ផ្អើលជុំវិញការរុះរើ «សាលាដូង» កន្លងមកនេះ មន្ត្រីជំនាញបានផ្ទៀងផ្ទាត់ឃើញថា សាលាដូងមិនបានជាប់ពាក់ព័ន្ធនឹងតំបន់ប្រវត្តិសាស្ត្រយោធាដែលត្រូវរុះរើនោះទេ។ ប៉ុន្តែសាលាត្រូវកែសម្រួលចំណុចមួយចំនួន ដូចជារុះរើខ្សែភ្លើងចេញ ហើយជំនួសមកវិញនូវការប្រើប្រាស់ថាមពលសោឡា ដែលឧបត្ថម្ភដោយរដ្ឋមន្ត្រីផ្ទាល់ ដើម្បីចៀសវាងផលប៉ះពាល់ដល់បរិស្ថាន។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងខ្លាំងដល់ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ដែលបានលះបង់បង្រៀនកុមារជាង ១៥០ នាក់។

សម្តេចធិបតី បានចេញបទបញ្ជាបន្ទាន់ឱ្យយោធភូមិភាគទី៣ ផ្អាកការអនុវត្តរុះរើ និងរក្សាស្ថានភាពដើម្បីឱ្យសាលាដូងបន្តដំណើរការបង្រៀនជាធម្មតា។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ស្ពឺ ចុះដោះស្រាយរកចីរភាពជូនសាលាដូង ព្រមទាំងចុះពិនិត្យសាលាបឋមសិក្សាគីរីរម្យ ។ លើសពីនេះ សម្តេចធិបតី និងលោកជំទាវ ក៏បានជួយឧបត្ថម្ភថវិកា និងស្បៀងអាហារបន្ថែម ដើម្បីសម្រាលបន្ទុករបស់សាលាដូងថែមទៀតផង៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…