(សៀមរាប)៖ ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរដ៏ល្បីល្បាញ ស្រះស្រង់គឺជាអាងទឹកប្រវត្តិសាស្ត្រដ៏រុងរឿងមួយដែលត្រូវបានបង្កើតឡើងដំបូងនៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌ទី២ ក្រោមការរៀបចំរបស់ស្ថាបត្យករឆ្នើម កវីន្ទ្រារិមថន និងត្រូវបានកែលម្អបន្ថែមយ៉ាងប្រណីតដោយព្រះបាទជ័យវម៌ទី៧ នៅចុងសតវត្សទី១២។ អាងទឹកមានរាងចតុកោណកែងទំហំជាង ៧០០ម៉ែត្រគុណនឹងជាង ៣០០ម៉ែត្រនេះ ត្រូវបានចាត់ទុកជា «តិថ៌» ឬទឹកពិសិដ្ឋដែលមានប្រភពនៅឋានសួគ៌ ព្រមទាំងមានបំពាក់ពន្លាផែថ្មភក់ ចម្លាក់នាគ និងតោយ៉ាងអង់អាចនៅច្រាំងខាងលិចសម្រាប់បំពេញកិច្ចពិធីសាសនា។
ភាពអស្ចារ្យនៃអាងទឹកនេះ ត្រូវបានលាតត្រដាងកាន់តែច្បាស់តាមរយៈសំណង់ប្រាសាទកណ្តាលស្រះ ដែលតែងតែលេចរូបរាងឡើងពេលទឹកស្រក និងតាមរយៈការរកឃើញដ៏ភ្ញាក់ផ្អើលកាលពីឆ្នាំ២០២០។ ក្នុងអំឡុងពេលចុះធ្វើកំណាយស្រាវជ្រាវ និងជួសជុលពន្លាផែថ្ម ក្រុមការងារបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានរកឃើញរូបចម្លាក់អណ្តើកថ្មភក់ដ៏ធំ ក្បាលនាគ រួមជាមួយវត្ថុសក្ការៈជាច្រើនជុំវិញប្រាសាទកណ្តាលស្រះ ដែលជាភស្តុតាងបញ្ជាក់ពីភាពពិសិដ្ឋនៃទីតាំងនេះក្នុងជំនឿសម័យបុរាណ។
បច្ចុប្បន្ន ស្រះស្រង់បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់អ្នកដែលចង់គេចផុតពីភាពអ៊ូអរ ដោយសារតែទីនេះផ្តល់នូវបរិយាកាសស្ងប់ស្ងាត់ ត្រជាក់ត្រជុំ និងខ្យល់អាកាសបរិសុទ្ធ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមស្រឡាញ់ការមកទស្សនាទេសភាពថ្ងៃរះដ៏ស្រស់ត្រកាលនៅទីនេះ ដែលពន្លឺព្រះអាទិត្យពណ៌មាសចាំងជះលើផ្ទៃទឹកស្រទន់បង្កើតបានជាអនុស្សាវរីយ៍ដ៏ស្រស់ស្រាយ និងមិនអាចបំភ្លេចបាន៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា
ដោយ៖ ធី លីថូ










