跳至正文
西哈努克省电视台 · 官方网站
登录

ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធការលក់គណនីធនាគារ ឱ្យក្រុមជនឆបោកតាម Telegram

KPS99TV历史原文 · 暂无当前语言译文

កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការផ្តល់គណនីធនាគារឱ្យក្រុមជនឆបោកយកទៅប្រើប្រាស់ក្នុងសកម្មភាពបោកប្រាស់តាមប្រព័ន្ធ Telegram។

ជនសង្ស័យឈ្មោះ រ.ម.ណ ភេទប្រុស ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចសង្ស័យថា បានលក់គណនីធនាគារផ្ទាល់ខ្លួនទៅឱ្យជនអនាមិក ដើម្បីទទួលប្រាក់កម្រៃ។

តាមការស៊ើបអង្កេត គណនីធនាគារដែលជនសង្ស័យបានប្រគល់ឱ្យ ត្រូវបានក្រុមឧក្រិដ្ឋជនយកទៅប្រើប្រាស់ជាមធ្យោបាយទទួលប្រាក់ពីជនរងគ្រោះ បន្ទាប់ពីពួកគេបានលួចគ្រប់គ្រង និងក្លែងបន្លំគណនី Telegram ដើម្បីក្លែងធ្វើជាម្ចាស់គណនីពិត និងបោកបញ្ឆោតយកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់។

ជុំវិញករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយការងារតាមបណ្តាញសង្គម ដែលមិនមានប្រភពច្បាស់លាស់ ព្រោះអាចជាល្បិចកលរបស់ក្រុមឧក្រិដ្ឋជន ដើម្បីទាក់ទាញពលរដ្ឋឱ្យក្លាយជាឧបករណ៍ជួយសម្រួលដល់សកម្មភាពខុសច្បាប់។

ជាពិសេស សូម ចៀសវាងការឱ្យខ្ចី ជួល ឬលក់គណនីធនាគារ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួន ទៅឱ្យអ្នកដទៃ ដោយសារគណនី ឬឯកសារទាំងនោះអាចត្រូវបានយកទៅប្រើប្រាស់ក្នុងបទល្មើស។ អ្នកដែលពាក់ព័ន្ធអាចប្រឈមនឹងការទទួលខុសត្រូវតាមច្បាប់ ក្នុងនាមជាអ្នកសមគំនិត ឬអ្នកទទួលផលពីបទល្មើស។

សូមកុំលក់ ឬឱ្យអ្នកដទៃប្រើគណនីធនាគាររបស់អ្នក ដើម្បីជៀសវាងការក្លាយជាអ្នកពាក់ព័ន្ធក្នុងបទល្មើសដោយមិនដឹងខ្លួន៕

ដោយ ៖ ប៉ៃ សុឃីម

评论

正在加载评论…