跳至正文
西哈努克省电视台 · 官方网站
登录

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ បើថៃថា មិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ!

KPS99TV历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) អាចបដិសេធថា ថៃមិនមែនជាអ្នកឈ្លានពាន ហើយអាចបន្តបង្កើតនិទានកថាដើម្បីបង្ហាញខ្លួនជាជនរងគ្រោះ។ ប៉ុន្តែ ការបដិសេធដោយពាក្យសម្តី និងវោហាសាស្ត្រ មិនអាចលុបអង្គហេតុ និងភស្តុតាងនៃសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានកើតឡើង និងកំពុងមាននៅលើដីកម្ពុជាបានឡើយ។

សង្គ្រាមនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដែលបង្កឡើងដោយការបើកការបាញ់ប្រហារមុនរបស់យោធាថៃមកលើកងទ័ពកម្ពុជា បានបន្សល់ទុកការបាត់បង់ជីវិត ការបំផ្លិចបំផ្លាញផ្ទះសម្បែង វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០នាក់។ រហូតមកដល់ពេលនេះ ជនភៀសសឹកប្រមាណ ២០ ០០០នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននៅឡើយ។

ក្រោយស្នូរកាំភ្លើងស្ងប់ បញ្ហាមិនបានបញ្ចប់ត្រឹមនោះទេ។ ទូកុងតឺន័រ លួសបន្លា របាំង ទីតាំងយោធា ការជីកប្រឡាយ ការសាងសង់ផ្លូវ និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដីនៅតែមាន ខណៈប្រជាពលរដ្ឋកម្ពុជាជាច្រើននៅតែមិនអាចវិលត្រឡប់ទៅលំនៅឋាន និងដីធ្លីរបស់ខ្លួនបាន។

នេះជាសំណួរដែល JIC មិនអាចឆ្លើយដោយការបង្វែរប្រធានបទបាន៖ បើថៃមិនបានឈ្លានពាន តើហេតុអ្វីមានអង្គហេតុនៃការកាន់កាប់នៅលើដី? ហើយបើថៃមិនមានបំណងកាន់កាប់ទឹកដីកម្ពុជា តើហេតុអ្វីមិនដកចេញ?

បើថៃអះអាងថា ខ្លួនមិនបានឈ្លានពាន មិនបានកាន់កាប់ និងមិនមានបំណងយកទឹកដីកម្ពុជា នោះត្រូវឆ្លើយសំណួរដ៏សាមញ្ញទាំងនេះ៖ ហេតុអ្វីកម្លាំង និងសម្ភារៈយោធាថៃនៅតែស្ថិតនៅលើទីតាំងក្នុងទឹកដីកម្ពុជា ដែលកម្ពុជាមានមូលដ្ឋានផែនទី និងឯកសារច្បាប់គាំទ្រ? ហេតុអ្វីមានការដាក់ទូកុងតឺន័រ រាយលួសបន្លា បង្កើតរបាំង ជីកប្រឡាយ សាងសង់ផ្លូវ និងធ្វើសកម្មភាពដែលបង្កើតស្ថានភាពថ្មីនៅលើដី (fait accompli)? ហើយហេតុអ្វីប្រជាពលរដ្ឋកម្ពុជាមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន?

ថៃអាចបដិសេធនៅមុខមីក្រូហ្វូនបាន ប៉ុន្តែមិនអាចបដិសេធអ្វីដែលអាចមើលឃើញ រាប់បាន ថតបាន កំណត់ទីតាំងបាន និងផ្ទៀងផ្ទាត់បាននោះទេ។ ការឃោសនាអាចបង្កើតនិទានកថា ប៉ុន្តែមិនអាចលុបភស្តុតាង និងអង្គហេតុនៅលើដីបានឡើយ។

JIC ខ្លួនឯងអំពាវនាវឱ្យដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ កម្ពុជាយល់ស្រប។ ប៉ុន្តែបើពិតជាចង់ឱ្យយន្តការព្រំដែនដោះស្រាយបញ្ហា នោះត្រូវទុកឱ្យយន្តការព្រំដែនធ្វើការងាររបស់ខ្លួន។ ភាគីថៃក៏គួរឆ្លើយតបជាក់ស្តែងចំពោះសំណើរបស់ JBC កម្ពុជា ដើម្បីឱ្យក្រុមបច្ចេកទេសនៃប្រទេសទាំងពីរអាចបន្តការស្ទង់វាស់ និងកំណត់ខណ្ឌសីមាព្រំដែនតាមក្របខណ្ឌ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

កងទ័ពមិនមែនជា JBC ទេ។ កាំភ្លើងមិនមែនជាឧបករណ៍វាស់វែងព្រំដែនទេ។ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែនទេ។

លួសបន្លាមិនមែនជាខ្សែព្រំដែនអន្តរជាតិទេ។

ហើយការកាន់កាប់ដោយកម្លាំង មិនមែនជាភស្តុតាងនៃអធិបតេយ្យភាពទេ។

ការនិយាយថា «ត្រូវដោះស្រាយតាម JBC» នៅមុខសាធារណជន ខណៈនៅលើដីបន្តបង្កើតស្ថានភាពជាក់ស្តែងថ្មី គឺជាភាពផ្ទុយគ្នាដែលថៃត្រូវពន្យល់ដល់សាធារណមតិជាតិ និងអន្តរជាតិ។ មិនអាចអំពាវនាវរកច្បាប់នៅមុខមីក្រូហ្វូន ខណៈប្រើកម្លាំងបង្កើត fait accompli នៅលើដីបានឡើយ។

សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាឯកសារផ្ទេរអធិបតេយ្យភាព ឬជាការទទួលស្គាល់ខ្សែព្រំដែនថ្មីណាមួយឡើយ។ បទឈប់បាញ់មានគោលបំណងបញ្ឈប់អំពើហិង្សា រក្សាសន្តិភាព និងបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព។

បទឈប់បាញ់បញ្ឈប់ការបាញ់ប្រហារ ប៉ុន្តែមិនគូសផែនទីថ្មី។បទឈប់បាញ់បង្កកស្ថានភាពយោធា ប៉ុន្តែមិនផ្ទេរអធិបតេយ្យភាព។ហើយការឈរជើងដោយកម្លាំង មិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់លើទឹកដីបានឡើយ។

នេះជាចំណុចដែលថៃមិនអាចគេចវេះបាន៖ ការគ្រប់គ្រងជាក់ស្តែងដោយកម្លាំង និងអធិបតេយ្យភាពស្របច្បាប់ គឺជារឿងពីរខុសគ្នា។ ការដាក់កម្លាំង ការដាក់ទង់ជាតិ ការរាយលួសបន្លា ការដាក់ទូកុងតឺន័រ ការជីកប្រឡាយ ឬការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពលើទឹកដីរបស់ប្រទេសមួយផ្សេងទៀតបានទេ។

ដូច្នេះ បើថៃពិតជាប្រកាន់ជំហរថា ខ្លួន «មិនឈ្លានពាន មិនកាន់កាប់ និងមិនចង់បានទឹកដីកម្ពុជា» នោះមិនចាំបាច់ចេញសេចក្តីថ្លែងការណ៍វែងឆ្ងាយទេ៖

សូមដកកម្លាំង និងសម្ភារៈយោធាដែលស្ថិតនៅលើទឹកដីកម្ពុជា។សូមដកទូកុងតឺន័រ លួសបន្លា និងរបាំងដែលរារាំងប្រជាពលរដ្ឋ។

សូមបញ្ឈប់រាល់សកម្មភាពបង្កើត fait accompli។ សូមអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅផ្ទះ និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព។ហើយសូមទុកការស្ទង់វាស់ និងកំណត់ខណ្ឌសីមាព្រំដែនឱ្យ JBC ដោះស្រាយតាមច្បាប់ ផែនទី និងកិច្ចព្រមព្រៀងដែលមានស្រាប់។

បើថៃមិនចង់បានទឹកដីកម្ពុជា សូមប្រគល់អ្វីដែលជារបស់កម្ពុជាឱ្យកម្ពុជាវិញ។ នេះមិនមែនជាការប្រកួតប្រជែងសេចក្តីថ្លែងការណ៍ទេ។ វាជាបញ្ហានៃ អង្គហេតុ ច្បាប់ អធិបតេយ្យភាព និងបូរណភាពទឹកដី។

បើថៃថាខ្លួនមិនបានឈ្លានពានកម្ពុជា សូមបង្ហាញដោយសកម្មភាព មិនមែនដោយពាក្យសម្តី៖ ដកកម្លាំង បញ្ឈប់ fait accompli អនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ទៅផ្ទះ និងប្រគល់ទឹកដីដែលកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ។

ព្រោះកម្លាំងអាចបង្កើតការកាន់កាប់ជាក់ស្តែងបានមួយរយៈ ប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ៕

ប្រភព៖FB ឯកឧត្តម នេត្រ ភក្រ្តា

ដោយ៖ ធី លីថូ

评论

正在加载评论…