(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Nguyễn Quốc Kỳ ប្រធានក្រុមហ៊ុន Vietravel Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ក្នុងឱកាសនោះ ភាគីក្រុមហ៊ុន បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពល និងភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលបានជម្រុញឱ្យក្រុមហ៊ុន បង្កើតកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះលោកប្រធាន និងក្រុមហ៊ុន ដែលបានជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសក្តានុពលទេសចរណ៍សម្រាប់ការពង្រីកអាជីវកម្ម និងបណ្តាក់ទុនវិនិយោគរបស់ខ្លួន ស្របពេលដែលវិស័យទេសចរណ៍ ដែលទទួលបាននូវការលើកទឹកចិត្តជាច្រើន និងត្រូវបានចាត់ទុកជា «ជន្ទល់សេដ្ឋកិច្ច» ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយគម្រោងចុះ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងភាពជាដៃគូក្នុងវិស័យទេសចរណ៍ ដំណើរស្វែងយល់សក្តានុពលទេសចរណ៍កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនមកខេត្តសៀមរាប និងតំបន់ឆ្នេររបស់កម្ពុជា។
ជាងនេះទៅទៀត ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីកញ្ចប់ទេសចរណ៍ «ទីក្រុងបុរាណ ៣ ក្នុងប្រទេស ៣» ដោយភ្ជាប់ទីក្រុងវេ (Huế) នៃប្រទេសវៀតណាម ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហ្លួងព្រះបាង (Luang Prabang) នៃប្រទេសឡាវ ដើម្បីបង្កើតជាផលិតផលទេសចរណ៍ឆ្លងប្រទេស ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតជាមួយជើងហោះហើរថ្មីសម្រាប់ទីក្រុងបុរាណទាំង៣ ក្នុងប្រទេសទាំង៣។ តាមរយៈកញ្ចប់ទស្សនកិច្ចថ្មីនេះ ពិតជាអាចជម្រុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំង៣ ប្រទេសទី៣ និងពីគ្រប់ទិសទីនៃពិភពលោក៕
ដោយ៖ ធី លីថូ






