跳至正文
西哈努克省电视台 · 官方网站
登录

ប្រទេសជប៉ុនកំពុងបង្ហាញចំណាប់អារម្មណ៍លើការនាំចូលគ្រឿងសមុទ្រពីកម្ពុជា ទៅកាន់ទីផ្សារជប៉ុន

KPS99TV历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានជួបពិភាក្សាជាមួយគណៈប្រតិភូអ្នកជំនាញការជប៉ុន ដឹកនាំដោយលោក Takahashi ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ និងការពង្រីកទីផ្សារគ្រឿងសមុទ្រកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ។

ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្តបានបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ។ហើយខេត្តមានទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែទឹកជ្រៅ ដែលអាចសម្រួលដល់ការវិនិយោគ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិមានភាពងាយស្រួល។

លោក Takahashi ប្រធានប្រតិភូអ្នកជំនាញការជប៉ុន បានសម្តែងនូវក្តីសោមនស្សរីករាយក្នុងការសហការលើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដោយលោកចាប់អារម្មណ៍ទៅលើទីផ្សារចង្វាក់ផលិតកម្មម្ហូបអាហារ។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្នសហគមន៍នេសាទនៅប្រទេសជប៉ុនកំពុងប្រឈមនឹងការថយចុះផលនេសាទ ជាពិសេស មឹក និង អយស្ទើរ។ ដូច្នេះ ប្រសិនបើកម្ពុជាមានសហគមន៍នេសាទគ្រឿងសមុទ្រ ដែលអាចផ្គត់ផ្គង់ផលិតផលទៅទីផ្សារក្រៅប្រទេស ដោយធានាបានទាំងគុណភាព និងតម្លៃសមរម្យ ភាគីជប៉ុនមានបំណងទទួលទិញទាំងអស់។

ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា កម្ពុជាមានផលនេសាទប្រមាណ ៥ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងនោះមឹកប្រមាណ ៤ពាន់តោន និងមានសហគមន៍នេសាទចំនួន ១៧កន្លែង ដែលអាចជាមូលដ្ឋានសម្រាប់ពង្រីកការផ្គត់ផ្គង់ និងអាចនាំចេញទៅទីផ្សារជប៉ុន។

រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ខេត្តស្វាគមន៍ការវិនិយោគស្របច្បាប់ និងត្រៀមសម្របសម្រួលដើម្បីបង្កើតបរិយាកាសវិនិយោគដែលមានសុវត្ថិភាព និងអំណោយផល។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា៖ «ជោគជ័យរបស់វិនិយោគិន គឺជាជោគជ័យរបស់រដ្ឋបាលខេត្ត»៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ កែវ ដារ៉ា

评论

正在加载评论…