跳至正文
西哈努克省电视台 · 官方网站
登录

ខេត្តព្រះសីហនុ បង្ហាញសមិទ្ធផលធម្មនុញ្ញ ៣០ឆ្នាំ និងការអភិវឌ្ឍក្រោមម្លប់សុខសន្តិភាព

KPS99TV历史原文 · 暂无当前语言译文

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០ នាទី នៅសាលាខេត្តព្រះសីហនុ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងមានការចូលរួមពី លោក ឯម ភាព អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងសមាសភាពពាក់ព័ន្ធ។

លោក ឯម ភាព បានលើកឡើងថា សិក្ខាសាលានេះមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលជាង៣០ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ សម្រាប់ខេត្តព្រះសីហនុ ក្រោមម្លប់សុខសន្តិភាព ខេត្តសម្រេចបានសមិទ្ធផលជាច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសង្គម រួមមាន ផ្លូវជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន កំពង់ផែ និងអាកាសយានដ្ឋានអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស អភិវឌ្ឍផ្លូវក្រុង៣៧ខ្សែ និងសមិទ្ធិផលសំខាន់ៗជាច្រើន ដែលរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង និងជីវភាពប្រជាពលរដ្ឋ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ី សោភា បានលើកឡើងថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរ និងបានបន្សាំបន្ស៊ីគុណតម្លៃប្រពៃណី «ជាតិ សាសនា ព្រះមហាក្សត្រ» ជាមួយគុណតម្លៃទំនើប «ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ» ដែលជាមូលដ្ឋានសម្រាប់សុខដុមរមនា ស្ថិរភាព និងការអភិវឌ្ឍជាតិ។

ក្នុងរយៈពេល៣០ឆ្នាំ កម្ពុជាសម្រេចបានសមិទ្ធផលធម្មនុញ្ញសំខាន់ៗ៤ រួមមាន៖

រក្សារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាព និងនិរន្តរភាពជាតិ អនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋាននៃសណ្តាប់ធ្នាប់នយោបាយ ពង្រឹងនីតិរដ្ឋ ដោយរដ្ឋធម្មនុញ្ញជាច្បាប់កំពូល និងច្បាប់នានាត្រូវស្របតាមរដ្ឋធម្មនុញ្ញ អនុវត្តសេដ្ឋកិច្ចទីផ្សារ ដោយគោរព និងការពារកម្មសិទ្ធិឯកជន ព្រមទាំងលើកកម្ពស់យុត្តិធម៌សង្គម និងសមធម៌។

សិក្ខាសាលានេះបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃរដ្ឋធម្មនុញ្ញ និងសមិទ្ធផលរបស់កម្ពុជាក្នុងរយៈពេល៣០ឆ្នាំ ព្រមទាំងជំរុញការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ឡាយ ចាន់ដា

评论

正在加载评论…