នៅព្រឹកថ្ងៃ ទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ឈួន ចាន់ណា អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកសាមគ្គីមានជ័យ បានដឹកនាំមន្ត្រីរាជការសាលាស្រុក អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលដ៏មានអត្ថន័យជាមួយបងប្អូនអតីតយុទ្ធជន និងនិវត្តជន។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅទីតាំងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន និងនិវត្តជន ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្តលោក ជា សុខរិទ្ធ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងបងប្អូនអតីតយុទ្ធជនយ៉ាងច្រើនកុះករ។
ពិធីនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ៕
ដោយ៖ ប៉ៃ សុឃីម













