跳至正文
西哈努克省电视台 · 官方网站
登录

កម្ពុជាទាមទារឱ្យថៃបញ្ឈប់ការយកលេស «Online Scams» ដើម្បីបិទបាំងការឈ្លានពាន និងផ្លាស់ប្តូរស្ថានភាពព្រំដែន

KPS99TV历史原文 · 暂无当前语言译文

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបដិសេធរបស់មជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) មិនអាចលុបបំបាត់ការពិតជាក់ស្តែងនៅលើដីបានឡើយ។ កម្ពុជាបានចោទសួរចំៗថា ប្រសិនបើថៃមិនបានយកបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ធ្វើជាលេសទេ ហេតុអ្វីបានជាប្រតិបត្តិការយោធារបស់ថៃបញ្ចប់ទៅដោយការកាន់កាប់ដីធ្លី ការរាយលួសបន្លា ដាក់ទូកុងតឺន័រ និងបង្កើតស្ថានភាពគ្រប់គ្រងថ្មីនៅលើទឹកដីកម្ពុជាទៅវិញ?

ចំណុចគន្លឹះសំខាន់ៗនៃសេចក្តីថ្លែងការណ៍៖

ការព្រមានអំពី «យុទ្ធសាស្ត្រហាន់ចំណិតសាច់ក្រក» (Salami-slicing): សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការយកបទល្មើសឆ្លងដែនធ្វើជាលេសឈ្លានពានទឹកដី គឺជាទម្រង់នៃ «សង្គ្រាមទំនើប» តាមរយៈការផ្លាស់ប្តូរស្ថានភាពព្រំដែនបន្តិចម្តងៗ ដើម្បីបង្កើតជាការគ្រប់គ្រងជាក់ស្តែង (fait accompli)។ ការវាយប្រហាររបស់ថៃលើតំបន់អូរស្មាច់ ច្រកជាំ (ឧត្តរមានជ័យ) និងថ្មដា (ពោធិ៍សាត់) បានប៉ះពាល់ដល់សំណង់ស៊ីវិល មិនមែនជាមូលដ្ឋានយោធាដូចការចោទប្រកាន់ឡើយ។

ជំហរច្បាប់ និងបូរណភាពទឹកដី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៅកាន់សហគមន៍អន្តរជាតិថា សកម្មភាពឯកតោភាគីរបស់ថៃ (ការដាក់ទ័ព ជីកលេណដ្ឋាន ដាក់ទូកុងតឺន័រ) មិនអាចបង្កើតជាសិទ្ធិស្របច្បាប់លើទឹកដីបានទេ ខណៈការងារខណ្ឌសីមាព្រំដែនមិនទាន់បញ្ចប់។ លួសបន្លា និងកម្លាំងទ័ពមិនអាចជំនួសសន្ធិសញ្ញា និងច្បាប់អន្តរជាតិបានឡើយ។

Online Scams ជាបញ្ហាតំបន់ មិនមែនលេសយោធា៖ កម្ពុជាបានបង្រ្កាបទីតាំងបទល្មើសបច្ចេកវិទ្យាជាង ៧០០ កន្លែង និងបន្តចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។ ផ្អែកតាមរបាយការណ៍អង្គការសហប្រជាជាតិ (UNODC) បទល្មើសបច្ចេកវិទ្យា និងការជួញដូរមនុស្សជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនពាសពេញតំបន់ ដែលថៃខ្លួនឯងក៏ជាច្រករបៀង និងជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់ផងដែរ។

កម្ពុជាទាមទារឱ្យភាគីថៃញែកបញ្ហាឧក្រិដ្ឋកម្មចេញពីបញ្ហាព្រំដែន ដោយដោះស្រាយបទល្មើសតាមយន្តការច្បាប់ និងទុកឱ្យបញ្ហាព្រំដែនដោះស្រាយតាមរយៈសន្ធិសញ្ញា ផែនទី និងច្បាប់អន្តរជាតិ មិនមែនតាមរយៈការប្រើប្រាស់កម្លាំងយោធានោះឡើយ៕

ដោយ៖ ប៉ៃ សុឃីម

评论

正在加载评论…