កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលចំហលើផ្ទះល្វែងចំនួន ៤ទីតាំង ក្នុងបុរីអ៊ែលតារា (ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត) ក្រោយសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
លទ្ធផលនៃការចុះត្រួតពិនិត្យ ទីតាំងទី១៖ រកឃើញគ្រឿងអេឡិចត្រូនិកមួយចំនួនធំ សង្ស័យជាទំនិញគេចពន្ធ (គ្មានមនុស្សស្នាក់នៅ)។ សមត្ថកិច្ចបានសម្រេចបិទស៊ា (Seal) បណ្ដោះអាសន្ន ដើម្បីរង់ចាំមន្ត្រីជំនាញបន្តនីតិវិធី។
ទីតាំងទី២៖ រកឃើញជនជាតិវៀតណាម ៨នាក់ (ស្រី ១នាក់) ដោយក្នុងនោះ ៦នាក់មានលិខិតឆ្លងដែន និង ២នាក់គ្មានលិខិតឆ្លងដែន។ ទីតាំងនេះពុំមានការពាក់ព័ន្ធបទល្មើស Online Scam ឡើយ។
ទីតាំងទី៣៖ ពុំមានមនុស្សស្នាក់នៅ។
ទីតាំងទី៤៖ រកឃើញជនជាតិឥណ្ឌូនេស៊ី ១នាក់ (ប្រុស) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំពាក់ព័ន្ធបទល្មើស Online Scam ឡើយ។
ចំពោះមុខសមត្ថកិច្ចបានរកឃើញជនបរទេសចំនួន ៩នាក់ (វៀតណាម ៨នាក់, ឥណ្ឌូនេស៊ី ១នាក់)។ ដោយឡែកជនជាតិវៀតណាម ២នាក់ដែលគ្មានលិខិតឆ្លងដែន សមត្ថកិច្ចបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ប៉ៃ សុឃីម






