跳至正文
西哈努克省电视台 · 官方网站
登录

ទឹកភ្នែកហូរដោយក្តីរំភើប! ប្រជានេសាទខ្មែរ ២នាក់ ត្រូវបានភាគីថៃដោះលែងឱ្យវិលមកជួបជុំគ្រួសារវិញ បន្ទាប់ពីជាប់ឃុំអស់ជាងកន្លះឆ្នាំ

历史原文 · 暂无当前语言译文

ក្តីទន្ទឹងរង់ចាំអស់រយៈពេលជាងកន្លះឆ្នាំរបស់ក្រុមគ្រួសារបានមកដល់ទីបញ្ចប់ហើយ ខណៈប្រជានេសាទខ្មែរចំនួន ២រូប ត្រូវបានអាជ្ញាធរថៃដោះលែង និងបញ្ជូនត្រឡប់មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាព តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិតំបន់ចាំយាម នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ដំណើរវិលត្រឡប់នេះ បាននាំមកនូវក្តីរំភើបរីករាយ និងភាពកក់ក្តៅជាពន់ពេកដល់ក្រុមគ្រួសារដែលទន្ទឹងមើលផ្លូវពួកគេទាំងយប់ទាំងថ្ងៃ។

ភាពជោគជ័យនៃការជួយសង្គ្រោះពលរដ្ឋខ្មែរទាំងពីររូបនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយការចង្អុលបង្ហាញ និងតាមដានយ៉ាងសកម្មដោយផ្ទាល់ពីសំណាក់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ រដ្ឋបាលខេត្តកោះកុងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងចរចាជាមួយអាជ្ញាធរពាក់ព័ន្ធនៃភាគីថៃ រហូតឈានដល់ការបើកផ្លូវដោះលែង និងនាំយកពួកគាត់មកកាន់មាតុភូមិកំណើតវិញ។

គួរបញ្ជាក់ផងដែរថា ដើមចមនៃហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ដោយកងទ័ពជើងទឹកថៃបានចូលមកឃាត់ខ្លួនអ្នកនេសាទខ្មែរសរុបចំនួន ៣នាក់ នៅចំណុចកោះយ៉ ស្ថិតក្នុងស្រុកមណ្ឌលសីមា ដែនទឹកនៃប្រទេសកម្ពុជា។ ក្រោយការសម្របសម្រួលជាបន្តបន្ទាប់ ប្រជានេសាទ ២នាក់ក្នុងចំណោមពួកគេ ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពពេញលេញឡើងវិញនាពេលនេះ៕

អត្ថបទដោយ៖ស្រីពី

评论

正在加载评论…