(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកងឆ្មាំសមុទ្រកូរ៉េ បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រមួយ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធគ្រឿងញៀនតាមដែនសមុទ្រ។
ពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីកូរ៉េដឹកនាំដោយ ឯកឧត្តម Cho Yoon Man អគ្គនាយកនៃការិយាល័យស៊ើបអង្កេតកងកម្លាំងឆ្មាំសមុទ្រកូរ៉េ សំដៅឆ្លើយតបចំពោះការកើនឡើងនៃល្បិចកលរបស់ក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំង។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ថា បច្ចុប្បន្នបញ្ហាគ្រឿងញៀនកំពុងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ ទាំងការផលិត ការចរាចរ និងការដឹកជញ្ជូនសារធាតុញៀនប្រភេទថ្មីៗ ដោយក្នុងនោះផ្លូវទឹកក្លាយជាច្រកចម្បងដែលក្រុមឧក្រិដ្ឋជននិយមប្រើប្រាស់។ ដោយមើលឃើញពីភាពចាំបាច់ និងផ្អែកលើចំណងកិច្ចសហប្រតិបត្តិការដ៏ល្អពីមុនមកជាមួយអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េ ភាគីកូរ៉េបានស្នើពង្រីកទំនាក់ទំនងការងារបន្ថែមជាមួយកម្ពុជា ពិសេសលើការចែករំលែកទិន្នន័យ និងព័ត៌មានសម្ងាត់ទាក់ទងនឹងសកម្មភាពល្មើសច្បាប់តាមដែនសមុទ្រ ដើម្បីការពារព្រំដែនទឹកនៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចព្រមព្រៀងនេះត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់ក្រោមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីជួយគ្នាទៅវិញទៅមកលើការងារបង្ក្រាបបទល្មើស។ ស្របពេលដែលប្រទេសកូរ៉េផ្ទាល់ក៏កំពុងប្រឈមមុខខ្ពស់នឹងការលួចលាក់ដឹកជញ្ជូនគ្រឿងញៀនតាមលំហរសមុទ្រទាំងទ្រង់ទ្រាយតូចនិងធំ កិច្ចសហការទ្វេភាគីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបិទខ្ទប់បណ្តាញរត់ពន្ធ និងពង្រឹងសន្តិសុខដែនទឹកក្នុងតំបន់ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕ដោយ៖ ស្រីពី




