ព្រះលានជល់ដំរី ដែលស្ថិតក្នុងបរិវេណក្រុងអង្គរធំ កំពុងបង្ហាញភាពលេចធ្លោជាមួយនឹងទេសភាពស្រស់បំព្រង និងធម្មជាតិពណ៌បៃតងគ្រប់រដូវកាល។ បច្ចុប្បន្ន រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ បានក្លាយជាគោលដៅពេញនិយមយ៉ាងខ្លាំងសម្រាប់បងប្អូនប្រជាពលរដ្ឋមកពីបណ្ដាខេត្ត-រាជធានីនានា ក្នុងការជ្រើសរើសជាទីតាំងថតរូបអនុស្សាវរីយ៍ និងរូបភាពមុនអាពាហ៍ពិពាហ៍ (Pre-Wedding)។
យោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា ជារៀងរាល់ថ្ងៃចាប់ពីវេលារសៀលថ្ងៃជ្រេទៅ មានគូដណ្តឹង ក្រុមសម្អាងការ និងក្រុមជាងថតរូបជាច្រើន បានមកជួបជុំគ្នាយ៉ាងកុះករនៅទីនេះ។ ពួកគេបានជ្រើសរើសប្លង់ និងបច្ចេកទេសថតស្របតាមពន្លឺថ្ងៃធម្មជាតិ ដើម្បីបង្កើតបាននូវកម្រងរូបភាពដ៏រស់រវើក។
មិនថាសម្លៀកបំពាក់បែបប្រពៃណីបុរាណ ឈុតអាពាហ៍ពិពាហ៍សម័យ ឬសម្លៀកបំពាក់ទាន់សម័យនោះទេ គឺពិតជាស័ក្តិសមឥតខ្ចោះជាមួយទិដ្ឋភាពផ្ទៃខាងក្រោយមានប្រាសាទបុរាណ ដែលធ្វើឱ្យរូបថតនីមួយៗកាន់តែមានភាពទាក់ទាញ និងបង្កប់នូវអត្ថន័យជ្រាលជ្រៅ៕ដោយ៖ ប៉ៃ សុឃីម





