跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងទេសចរណ៍ ដាក់ចេញវិធានការក្ដៅ ១១ចំណុច ណែនាំឱ្យប្រតិបត្តិការពង្រឹងសេវាកម្ម និងកុំតម្លើងថ្លៃហួសហេតុ ក្នុងរដូវភ្ជុំបិណ្ឌខាងមុខ

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំជាផ្លូវការមួយ ដោយតម្រូវឱ្យគ្រប់អាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ទូទាំងប្រទេស យកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្ម និងសោភណភាពឱ្យបានល្អប្រសើរ។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិត្យានុភាពជាតិ និងប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព និងទាក់ទាញបំផុត ស្របពេលដែលពិធីបុណ្យប្រពៃណីជាតិនេះ ជាពេលវេលាដ៏មមាញឹកនៃការជួបជុំគ្រួសារ និងការធ្វើដំណើរកម្សាន្ត។

ក្នុងសេចក្តីណែនាំចំនួន ១១ចំណុច ក្រសួងបានសង្កត់ធ្ងន់ជាពិសេសលើការបញ្ជាក់តម្លៃមុខទំនិញ និងសេវាកម្មឱ្យបានច្បាស់លាស់ជាសាធារណៈ ដោយត្រូវរក្សាតម្លៃឱ្យសមរម្យ មិនត្រូវឆ្លៀតឱកាសតម្លើងថ្លៃនោះឡើយ។ ទន្ទឹមនឹងនេះ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវរៀបចំចំណតយានយន្តឱ្យមានសណ្តាប់ធ្នាប់ ត្រួតពិនិត្យប្រព័ន្ធបង្ការអគ្គិភ័យ និងរក្សាអនាម័យបន្ទប់ទឹកឱ្យបានស្អាតជានិច្ច ព្រមទាំងបែងចែកបន្ទប់ទឹកបុរស-នារីឱ្យបានត្រឹមត្រូវ។ បន្ថែមលើសពីនេះ បុគ្គលិកបម្រើការត្រូវមានសីលធម៌ វិជ្ជាជីវៈ និងស្លៀកពាក់ឯកសណ្ឋានសមរម្យដែលរំលេចនូវអត្តសញ្ញាណខ្មែរ ហើយការតុបតែងលម្អទីតាំងអាជីវកម្មទាំងក្នុង និងក្រៅ ត្រូវលើកស្ទួយវប្បធម៌ប្រពៃណីជាតិ ព្រមទាំងដាក់តាំងទង់ជាតិ និងព្រះបរមឆាយាល័ក្ខណ៍ឱ្យបានត្រឹមត្រូវស្របតាមការណែនាំ។

ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យប្រតិបត្តិករទាំងអស់ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងចូលរួមផ្សព្វផ្សាយជំរុញចលនាជាតិក្រោមពាក្យស្លោកសំខាន់ៗដូចជា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។ ជាមួយគ្នានេះ ក្រសួងបានចាត់ឱ្យគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចុះផ្សព្វផ្សាយ និងតាមដានការអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានាបាននូវបទពិសោធន៍ដ៏ល្អប្រសើរសម្រាប់ភ្ញៀវទេសចរគ្រប់រូប។អត្ថបទដោយ៖ ស្រីពី

评论

正在加载评论…