ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងពីស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលបន្តរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ការលើកឡើងនេះធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រោមរបៀបវារៈទី២ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
ក្នុងបទអន្តរាគមន៍ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាជាង២០.០០០នាក់ នៅតែបន្តភៀសខ្លួន ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានបំផ្លិចបំផ្លាញ ដែលជាផលប៉ះពាល់បន្តបន្ទាប់ពីជម្លោះព្រំដែន។ ឯកឧត្តមក៏បានសម្តែងកង្វល់យ៉ាងធ្ងន់ធ្ងរចំពោះអ្វីដែលកម្ពុជាចាត់ទុកថាជាសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងតំបន់កាន់កាប់ដែលស្ថិតក្នុងដែនដីកម្ពុជា ដោយមានការដាក់របងលួសបន្លា កុងតឺន័រ ហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល ព្រមទាំងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលមានការខណ្ឌសីមា និងបោះបង្គោលព្រំដែនរួមគ្នា។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យមានការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ រួមទាំងអធិបតេយ្យភាព និងបូរណភាពដែនដី ព្រមទាំងដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ចប់ការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ីវិល និងការស្វែងរកដំណោះស្រាយដែលអាចនាំទៅរកសន្តិភាពយូរអង្វែង។
ដោយ៖សុភ័ក្រ្ត




