លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់តំណាងក្រសួងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេស ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយក ព្រមទាំង ប្រធាននាយកដ្ឋានពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ លើកកម្ពស់គុណភាពសេវាសាធារណៈ តាមដានវឌ្ឍនភាព និងបង្កើនប្រសិទ្ធភាពការងារផ្តល់សេវារបស់ក្រសួងឱ្យកាន់តែរហ័ស និងឆ្លើយតបទាន់ពេលវេលា។
ជួយសម្រួលនីតិវិធីនៃការនាំចេញទំនិញនៅតាមរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសឱ្យកាន់តែមានភាពរលូន និងកាត់បន្ថយការចំណាយមិនចាំបាច់។
ធានាការអនុវត្តវិធានដើមកំណើតទំនិញ ប្រកបដោយសុចរិតភាព តម្លាភាព និងស្របតាមច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តនានាដែលបានដាក់ចេញដោយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម









