នាវាហ្វឹកហ្វឺន Perekop នៃកងទ័ពជើងទឹកតំបន់បាល់ទិក (Baltic Fleet) របស់សហព័ន្ធរុស្ស៊ី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ការចូលចតរយៈពេល២ថ្ងៃ។ នេះជាលើកទី២ដែលនាវានេះមកកាន់កម្ពុជា បន្ទាប់ពីធ្លាប់ធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
ការចូលចតនេះមានការទទួលស្វាគមន៍ពីតំណាងកងទ័ពជើងទឹកកម្ពុជា និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលស្នាក់នៅ ប្រតិភូមេបញ្ជាការនាវា នឹងមានជំនួបសម្ដែងការគួរសមជាមួយមន្ត្រីស៊ីវិល និងយោធាកម្ពុជា ខណៈនាវិក និងសិស្សទាហានរុស្ស៊ី នឹងទស្សនាតំបន់ទេសចរណ៍នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ព្រមទាំងមានការប្រកួតបាល់ទាត់ជាមួយភាគីកម្ពុជា។
នាវា Perekop មានមនុស្សសរុប៣១៦នាក់ ក្នុងនោះនាវិក១៤៥នាក់ និងសិស្សទាហាន១៧១នាក់។ តាមការគ្រោងទុក ប្រតិភូមេបញ្ជាការនាវារុស្ស៊ី នឹងជួបលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ព្រមទាំងមានកម្មវិធីផ្សេងៗជាមួយភាគីកម្ពុជា។ នាវានេះគ្រោងនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ដោយ៖សុភ័ក្រ្ត












