跳至正文
西哈努克省电视台 · 官方网站
登录

នាវាហ្វឹកហ្វឺន Perekop របស់រុស្ស៊ី មកដល់កំពង់ផែព្រះសីហនុ សម្រាប់ទស្សនកិច្ចមិត្តភាពរយៈពេល ២ថ្ងៃ

历史原文 · 暂无当前语言译文

ខេត្តព្រះសីហនុ ៖ នាវាហ្វឹកហ្វឺន Perekop របស់កងទ័ពជើងទឹករុស្ស៊ី នៃកងនាវាបាល់ទិក (Baltic Fleet) នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ១០:០០ ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចក្រៅផ្លូវការរយៈពេល ២ថ្ងៃនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ នឹងមានការទទួលស្វាគមន៍ពីតំណាងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម នឹងដឹកនាំមន្ត្រីនាយនាវីមួយចំនួន ចូលរួមក្នុងពិធីទទួលស្វាគមន៍នាវិករុស្ស៊ីនៅកំពង់ផែ។ ជាមួយគ្នានេះ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ក៏នឹងចូលរួមក្នុងពិធីស្វាគមន៍ជាផ្លូវការផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា គណៈប្រតិភូនៃនាវា Perekop នឹងមានជំនួប និងធ្វើការផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីយោធា និងស៊ីវិលកម្ពុជា ក្រោមការដឹកនាំរបស់មេបញ្ជាការនាវា។

ក្រៅពីកម្មវិធីជំនួបផ្លូវការ មន្ត្រី និងនាវិករុស្ស៊ី នឹងធ្វើទស្សនកិច្ចតាមតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ភាគីទាំងពីរក៏នឹងរៀបចំកម្មវិធីកីឡា ជាពិសេសការប្រកួតបាល់ទាត់មិត្តភាព ដើម្បីពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

បន្ទាប់ពីបញ្ចប់កម្មវិធីទស្សនកិច្ច និងពិធីលាគ្នា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នាវាហ្វឹកហ្វឺន Perekop នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបន្តដំណើររបស់ខ្លួន។

គួរបញ្ជាក់ថា នាវាហ្វឹកហ្វឺន Perekop ធ្លាប់បានចូលចតនៅក្រុងព្រះសីហនុម្តងរួចមកហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ឡាយ ចាន់ដា

评论

正在加载评论…