ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ចិនលើកទី១០ ក្រោមប្រធានបទ «ជំរុញប្រព័ន្ធសុខាភិបាលដែលមានភាពធន់ បរិយាបន្ន និងនិរន្តរភាព សម្រាប់អនាគតរួមរវាងអាស៊ាន-ចិន» នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានកោតសរសើរចំពោះក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបន្តបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចសហប្រតិបត្តិការសុខាភិបាលជាមួយសហគមន៍អាស៊ាន។ ការប្តេជ្ញាចិត្តនេះក៏ត្រូវបានបញ្ជាក់តាមរយៈវេទិកាសហប្រតិបត្តិការសុខាភិបាលចិន-អាស៊ាន លើកទី៥ នៅទីក្រុងណាននីង កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រោមក្របខណ្ឌផ្លូវសូត្រសុខាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីអាទិភាពសំខាន់៣របស់កម្ពុជា ដែលត្រូវការកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយសាធារណរដ្ឋប្រជាមានិតចិន រួមមាន ការកាត់បន្ថយបន្ទុកជំងឺមិនឆ្លង ជាពិសេសជំងឺមហារីក តាមរយៈការការពារ រកឃើញទាន់ពេល ធ្វើរោគវិនិច្ឆ័យ ព្យាបាល និងស្តារនីតិសម្បទា។ ទន្ទឹមនេះ កម្ពុជាផ្តោតលើការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល សម្រាប់ការប្រមូល វិភាគ និងប្រើប្រាស់ទិន្នន័យក្នុងការរៀបចំគោលនយោបាយ និងការសម្រេចចិត្ត ព្រមទាំងការលើកកម្ពស់សុខភាពមាតា និងទារក តាមរយៈមជ្ឈមណ្ឌលសហប្រតិបត្តិការសុខភាពមាតា និងទារកអាស៊ាន-ចិន ដែលជាវេទិកាសម្រាប់ការកសាងសមត្ថភាព និងចែករំលែកចំណេះដឹង។ ទិសដៅនេះស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនាពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈទូលំទូលាយ រួមបញ្ចូល និងសម្របសម្រួលគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពាក់ព័ន្ធនឹងសុខាភិបាល និងពន្លឿនការឆ្ពោះទៅរកការគ្របដណ្តប់សុខាភិបាលជាសកល (UHC)។ តាមរយៈការពង្រឹង «កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន» ភាគីទាំងពីរអាចរួមចំណែកកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ បរិយាបន្ន និងនិរន្តរភាព ដើម្បីធានាផលប្រយោជន៍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនអាស៊ាន-ចិន។
អត្ថបទដោយ៖ សុភ័ក្រ្ត

















