(ព្រះសីហនុ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យទីលាន«តេជោ» សម្រាប់ការត្រៀមរៀបចំបុណ្យសមុទ្រលើកទី១៣ ដែលនឹងប្រព្រឹត្តទៅ នៅក្នុងខែធ្នូ ឆ្នាំ២០២៦នេះ។
ការប្រារព្ធពិធីបុណ្យសមុទ្រធ្វើឡើងជារៀងរាល់ឆ្នាំ ត្រូវបានគេមើលឃើញថា តែងរៀបចំឡើងឲ្យមានទស្សនីយភាពសិល្បៈ ការប្រគំតន្រ្តី ដោយមានការចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិ ដើម្បីបង្កបរិយាកាសឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសប្បាយរីករាយជាមួយនឹងការទស្សនាសមុទ្រធម្មជាតិដ៏ស្រស់ស្អាត អមដោយការបាញ់កាំជ្រួចអបអរនាពេលរាត្រី ផងដែរ ។ នៅជាមួយគ្នានោះ ក៏មានមហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ និងការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក។ បន្ថែមពីនេះទៀត ក្រសួងទេសចរណ៍ ក៏តែងរៀបចំឲ្យមានកម្មវិធីបង្ហាញពីសកម្មភាពកីឡាលើទឹក និងកីឡាលើធ្នេរខ្សាច់ផងដែរ ដែលជាកីឡាកំពុងពេញនិយមទូទាំងពិភពលោក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ កាលពីឆ្នាំមុន បានរៀបចំឡើង នៅខេត្តកោះកុង ដែលជាខេត្តអេកូទេសចរណ៍ សម្បូរដោយធនធានធម្មជាតិដ៏ស្រស់ត្រកាល មានទាំងតំបន់ភ្នំ តំបន់ឆ្នេរដ៏ស្រស់ស្អាត និងព្រៃកោងកាង ដែលជាជម្រកជីវៈចម្រុះគ្រប់ប្រភេទ។
សូមបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ បានធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រចំនួន៣លើករួចមកហើយ ក្នុងនោះលើកទី១នៅ ឆ្នាំ២០១១ , លើកទី២ឆ្នាំ២០១៦ , និងលើកទី៣ នៅឆ្នាំ២០២២៕
ដោយ៖ ធី លីថូ














