កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមូលនិធិសកល (The Global Fund) ដឹកនាំដោយលោកស្រី Sylwia Murray និងមានការចូលរួមពីតំណាង UNAIDS ដើម្បីពិភាក្សាលើវឌ្ឍនភាព និងការរៀបចំអនុវត្តជំនួយជុំទី៨ (GC8)។
ជំនួបនេះបានគូសបញ្ជាក់ពីចំណុចគន្លឹះសំខាន់ៗរួមមានទិសដៅយុទ្ធសាស្ត្រ GC8៖ ផ្តោតលើការពង្រឹងភាពជាម្ចាស់របស់កម្ពុជា និរន្តរភាពហិរញ្ញប្បទាន និងការធ្វើសមាហរណកម្មការឆ្លើយតបនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋមជាដំណាក់កាល ដោយនៅតែរក្សាគុណភាពសេវាឯកទេសឱ្យរឹងមាំដដែល។
តួនាទីតួអង្គមិនមែនរដ្ឋ (Non-State Actors)៖ លោកស្រី Sylwia Murray បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃអង្គការសង្គមស៊ីវិល សហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការបន្តឈានទៅផ្តល់សេវាដល់ក្រុមប្រជាជនគន្លឹះ និងក្រុមងាយរងគ្រោះបំផុត។
សំណើគន្លឹះរបស់កម្ពុជា ក្រសួងសុខាភិបាលបានស្នើឱ្យមូលនិធិសកលផ្តល់ភាពបត់បែន និងការគាំទ្របច្ចេកទេស ដើម្បីតម្រង់ទិសថវិកា GC8 ទៅលើអន្តរាគមន៍ដែលមានប្រសិទ្ធភាពខ្ពស់ ការពារសេវាសហគមន៍ និងអភិវឌ្ឍធនធានមនុស្សសុខាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់មូលនិធិសកល និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ដើម្បីការពារសមិទ្ធផលកន្លងមក និងពង្រីកសេវាសុខាភិបាលឱ្យគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយចីរភាព៕ ដោយ៖ ប៉ៃ សុឃីម





