跳至正文
西哈努克省电视台 · 官方网站
登录

សម្តេចធិបតី ចេញសារលិខិតអបអរសាទរក្នុងឱកាស«ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

历史原文 · 暂无当前语言译文

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ សម្ដេចធិបតី បានគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារ គ្រប់គ្រងនិងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និងសត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ ប្រជាជនគ្រប់រូបមាន ភាពជាម្ចាស់ស្មើៗគ្នាចំពោះសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយ ថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេររបស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់គ្រប់បណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបាន ទូលំទូលាយនិងអធិកអធម ដើម្បីអបអរសាទរ «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក៏ដូចជាបន្តជំរុញសក្តានុពលទេសចរណ៍ក្នុងតំបន់ ដោយផ្សារភ្ជាប់ជាមួយនឹងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកនានា ដូចជារមណីយដ្ឋានប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ទេសចរណ៍វប្បធម៌និងធម្មជាតិផ្សេងទៀត៕

ដោយ៖ ធី លីថូ

评论

正在加载评论…