ក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា សារព័ត៌មានថៃ Khaosod និងThe Nation of Thailand បាននិងកំពុង ផ្សព្វផ្សាយព័ត៌មានខុសពីការពិត ហើយការផ្សាយបែបនោះមិនគ្រាន់តែបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈ ដែលនាំឱ្យទៅដល់ការបាត់ជំនឿលើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះទេ ប៉ុន្តែវានាំឱ្យមានការ ភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថានភាពពិតទៅតាមតំបន់ព្រំដែន និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការស្វែងរកដំណោះស្រាយសន្តិភាពដោយមានការគាំទ្រពីអន្តរជាតិ។
ក្លិបអ្នកកាសែតកម្ពុជា បានទទូចដល់សារព័ត៌មានថៃមួយចំនួននោះឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយភាពតានតឹងនៃជម្លោះ តាមរយៈអត្ថបទព័ត៌មានដែលមិនញុះញង់បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ជាដើម។
ក្លិបអ្នកកាសែតកម្ពុជា បន្តចូលរួមជាមួយអ្នកសារព័ត៌មានទាំងពីរប្រទេសដែលកំពុងធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងបន្តការប្តេជ្ញាចិត្តក្នុងការការពារសេរីភាពសារព័ត៌មាន និងប្រឆាំងព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ)៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ



