គិតត្រឹមម៉ោង៣និង៣៣នាទីរសៀលនេះ ថៃមិនទាន់បានបញ្ជូនទាហានខ្មែរចំនួន២០នាក់មកឱ្យប្រទេសកម្ពុជាវិញនោះទេ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា កម្ពុជាបានទទូចឱ្យភាគីថៃបញ្ជូនកងកម្លាំងរបស់ខ្មែរ២០រូប និងកងកម្លាំងផ្សេងទៀតឱ្យត្រឡប់មកប្រទេសកម្ពុជាវិញឱ្យបានឆាប់។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទកាសែត ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា កម្ពុជានឹងបន្តការចរចាឱ្យអស់ពីសមត្ថភាពដើម្បីយកកងកម្លាំងទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់បំផុត និងដោយសុវត្ថិភាព ខណៈកងទ័ពកម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការកសាងព្រំដែនសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ជាមួយភាគី។
សូមជម្រាបថា ទាហានថៃ នៅថ្ងៃទី២៩ ខែកក្កដា បានហៅទាហានខ្មែរឱ្យមកថតរូបអនុស្សាវរីយ៍ជាមួយគ្នា នៅពេលនោះទាហាថៃបានឱ្យក្រុមរបស់ខ្លួនដែលលាក់នៅក្នុងព្រៃចេញមកភ្ជង់ចាប់ខ្លួនទាហានខ្មែរ។ សកម្មភាពនេះបានកើតឡើងនៅច្រកចុងតែ ស្របពេលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ។ ដំណឹងនៃការចាប់ខ្លួនកងកម្លាំងកម្ពុជាទាំង២១នាក់ ក្នុងនោះស្លាប់ម្នាក់ ហើយទទួលបានសពពីសំណាក់យោធាថៃ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះប៉ុណ្ណោះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

