跳至正文
西哈努克省电视台 · 官方网站
登录

ក្រសួងព័ត៌មានព្រមានប្រើច្បាប់លើអ្នកផ្សព្វផ្សាយទីតាំងយោធា

历史原文 · 暂无当前语言译文

ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន សន្តិសុខជាតិ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មានបានហាមផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យោធោប្បករណ៍ និងការសម្ងាត់របស់កងទ័ព។ ករណីប្រព្រឹត្តផ្ទុយនឹងសេចក្តីណែនាំនេះ ក្រសួង នឹងមានវិធានការតាមផ្លូវច្បាប់។

ការព្រមាននេះ បានធ្វើឡើងតាមរយៈសេចក្តីណែនាំចុះថ្ងៃទី០១ ខែសីហានេះ ក្រោយពីក្រសួងបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងមួយចំនួន បានធ្វើការផ្សព្វផ្សាយរូបភាពពីសមរភូមិជួរមុខ ដោយបានបង្ហាញទីតាំងលេណដ្ឋានកងទ័ព សព្វាវុធ យោធោប្បករណ៍ ការសម្ងាត់របស់កងទ័ព និងយុទ្ធសាស្ត្រប្រយុទ្ធ ដែលការផ្សព្វផ្សាយនេះ អាចធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ អាយុជីវិតរបស់ យុទ្ធជន និងការបំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបញ្ជាក់ថា៖«រាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ត្រូវធានាថា មិនធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ ការ បែងបាក់សាមគ្គីភាពជាតិ ការបំបាក់ទឹកចិត្តកងទ័ព ទំនាក់ទំនងជាមួយប្រទេសដទៃ ការបង្កអរិភាពជាតិ សាសន៍ សិទ្ធិបុគ្គល សាធារណមតិជាតិ និងអន្តរជាតិ ដោយចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយប្រភព ព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងក្រសួងការបរទេស និងកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត»។

ទន្ទឹមគ្នានេះ ក្រសួងព័ត៌មានបានណែនាំដូច្នេះ៖ «រាល់ការធ្វើដំណើរនិងការចុះយកព័ត៌មាននៅសមរភូមិជួរមុខ ត្រូវមានការជូនដំណឹង និងស្នើសុំការ អនុញ្ញាតពីក្រសួងព័ត៌មាន និងសមត្ថកិច្ចនៅសមរភូមិមុខ។ ក្រៅពីនេះ ត្រូវកាត់បន្ថយជាអតិប្បរមា ដើម្បីធានា សុវត្ថិភាពផ្ទាល់ខ្លួន និងសន្តិសុខជាតិ និងត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋាគតិយុត្តជាធរមានរបស់កម្ពុជា»។

រាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ត្រូវធានាថា មិនធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ ការបែកបាក់សាមគ្គីភាពជាតិ ការបំបាក់ទឹកចិត្តកងទ័ព ទំនាក់ទំនងជាមួយប្រទេសដទៃ ការបង្កអរិភាពជាតិសាសន៍ សិទ្ធិបុគ្គល សាធារណមតិជាតិ និងអន្តរជាតិ ដោយចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយប្រភពព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ នេះបើតាមក្រសួងព័ត៌មានណែនាំបន្ថែម។

បើតាមក្រសួងព័ត៌មាន ការប្រព្រឹត្តផ្ទុយនឹងសេចក្តីណែនាំនេះ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់។

លើសពីនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ សូមកុំចែករំលែកព័ត៌មានមិនពិត និងរួមចំណែកក្នុងការពារសេចក្តីពិត សន្តិភាព និងសាមគ្គីភាពជាតិ។ ការចូលរួម របស់អ្នកសារព័ត៌មាន និងសាធារណជន នឹងជួយទប់ស្កាត់និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មាន ក្លែងបន្លំ ព័ត៌មានបំភ្លៃ និងបំភ័ន្តសភាពការណ៍ពិតជាក់ស្តែងពីកម្ពុជា ដែលភាគីម្ខាងទៀតបានខិតខំព្យាយាម ប្រឌិតឡើងដើម្បីបង្កើតលេសឈ្លានពានបូរណភាពទឹកដីកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

评论

正在加载评论…