វិបត្តិផ្សែងពុលនៅប្រទេសម៉ាឡេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា បានបង្កឱ្យមានការខាតបង់ជាទឹកប្រាក់ប្រមាណ ៨ ពាន់លានរីងហ្គីត ដែលស្មើនឹងប្រមាណ ១.៩៧ ពាន់លានដុល្លារអាមេរិក និងអាចជាដើមហេតុបណ្តាលឱ្យមានមនុស្សប្រមាណ ១៧០០ នាក់បាត់បង់ជីវិត។
យោងតាមរបាយការណ៍ដែលមានចំណងជើងថា «រដូវកាលភ្លើងឆេះព្រៃឆ្នាំ ២០២៦ និងផ្សែងពុលឆ្លងដែននៅម៉ាឡេស៊ី» ឬ The 2026 Fire Season and Transboundary Haze in Malaysia បានឲ្យដឹងថា ផ្សែងពុល បានរួមចំណែកដល់ការស្លាប់មុនអាយុរបស់ប្រជាជនប្រមាណ ១៧០០ នាក់ ដោយក្នុងនោះប្រមាណ ១៦០០ នាក់ បណ្តាលមកពីផ្សែងចេញពីភ្លើងឆេះព្រៃ។
ក្រៅពីវិបត្តិសុខភាពសាធារណៈ ផ្សែងពុលដែលអូសបន្លាយពេលយ៉ាងយូរ បានរំខានយ៉ាងធ្ងន់ធ្ងរដល់វិស័យផលិតកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយជាលទ្ធផល ៣៧% នៃទីតាំងដែលរងការរំខានបានរាយការណ៍ពីការកាត់បន្ថយទិន្នផលផលិតកម្ម ២៧% បានផ្អាកប្រតិបត្តិការយ៉ាងហោចណាស់មួយជាបណ្តោះអាសន្ន និង ១៤% ទៀតប្រឈមនឹងការយឺតយ៉ាវក្នុងកាលវិភាគផលិតកម្ម និងការដឹកជញ្ជូនទំនិញ៕ អត្ថបទ៖ រិទ្ធី






