លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងពីកង្វល់របស់កម្ពុជា ជម្រាបជូនឯកឧត្តម Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាង។ រដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូ សិក្សាពិនិត្យលើយន្តការគតិយុត្តនានា ដែលទាក់ទងនឹងស្មារតីអនុសញ្ញាឆ្នាំ ១៩៧០ និង ១៩៧២ ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល លោកជំទាវបណ្ឌិតសភាចារ្យ ដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានអបអរសាទរដល់ឯកឧត្តម Khaled Ahmed El-Enany Ali Ezz ឱ្យទទួលតំណែងជាអគ្គនាយកថ្មីរបស់អង្គការយូណេស្កូ បន្ទាប់ពីទទួលបានការជ្រើសតាំងដោយអង្គមហាសន្និបាតលើកទី៤៣។ រដ្ឋមន្រ្តីក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជារដ្ឋសមាជិក ដែលបន្តសហការ អនុវត្តកម្មវិធី និងគោរពតាមគោលការណ៍សំខាន់ៗរបស់អង្គការយូណេស្កូ។
កិច្ចសហការរវាងកម្ពុជា និងអង្គការយូណេស្កូ ត្រូវបានលើកឡើងថា បានក្លាយជាកិច្ចសហការដែលទទួលបានជោគជ័យ នាពេលកន្លងមក ដោយមានទាំងការគាំទ្រជំនួយបច្ចេកទេសសម្រាប់គម្រោងអាយស៊ីស៊ី អង្គរ សំបូរព្រៃគុក ព្រះវិហារ និងវិស័យផ្សេងៗទៀត ដើម្បីការពារ លើកតម្លៃ និងអភិរក្សបេតិកភណ្ឌរូបី និងអរូបី។
លើសពីនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានលើកឡើងពីលទ្ធភាពបញ្ជូនអ្នកជំនាញរបស់អង្គការយូណេស្កូ ចុះពិនិត្យ និងវាយតម្លៃដោយឯករាជ្យអំពីការខូចខាតមកលើប្រាសាទព្រះវិហារ ដែលបានកើតឡើងដោយសារការប៉ះទង្គិចតាមព្រំដែននាពេលកន្លងមក។
ឯកឧត្តម អគ្គនាយកយូណេស្កូ បានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូកម្ពុជា និងបានកោតសរសើរកម្ពុជាថា ជារដ្ឋសមាជិកដែលបានបន្តកិច្ចសហការយ៉ាងសកម្មនិងមានប្រសិទ្ធភាពជាមួយអង្គការយូណេស្កូ។ ឯកឧត្តមក៏បានបញ្ជាក់ពីការបន្តគាំទ្រការងារជាក់ស្តែង និងពិនិត្យលើបញ្ហាដែលកម្ពុជាបានលើកឡើងក្នុងកិច្ចជំនួបនេះ៕
ដោយ៖ KPS99TV









