ផ្នែកលើលទ្ធផលនៃការអនុវត្តគោលនយោបាយលើគោលដៅ ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៩២-១០០-៩៨។ លទ្ធផលនេះ បានធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី១០ ក្នុងពិភពលោកលើការប្រយុទ្ធប្រឆាំងជំងឺអេដស៍។ ចំណាត់ថ្នាក់នេះ បានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ជាមួយគ្នា ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត បានខិតខំធ្វើការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។
ជាក់ស្តែង តាមរយៈទំព័រហ្វេសប៊ុករបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញរបាយការណ៍ឆ្នាំ២០២៤ ដោយបញ្ជាក់ថា កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ៧៦,០០០នាក់ ក្នុងនោះមាន ៧០,៦៥៤នាក់បានធ្វើតេស្តបញ្ជាក់ថាមានផ្ទុកមេរោគអេដស៍ស្មើ៩២% ហើយអ្នកទាំងនោះបានទទួលសេវាព្យាបាលថែទាំស្មើនឹង ១០០ភាគរយ។ ចំណែក ករណីឆ្លងមេរោគអេដស៍ថ្មីមានត្រឹម ១,២០០ករណីប៉ុណ្ណោះនៅឆ្នាំ២០២៤ ឯការស្លាប់បានធ្លាក់មកត្រឹម ១,០០០ករណីក្នុងមួយឆ្នាំ នេះឆ្លុះបញ្ចាំងពីភាពជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងជំងឺអេដស៍។ ដោយឡែក ករណីឆ្លងថ្មីទាំង ១,២០០ករណីនេះ ក្នុងនោះ៨៨ភាគរយជាប្រជាជនគន្លឹះ។ រីឯ ៤៨ភាគរយ ជាក្រុមបុរសរួមភេទជាមួយបរុស (ភាគច្រើនជាក្រុមយុវវ័យអាយុពី១៥ទៅ២៤ឆ្នាំ), ១០ភាគរយក្រុមបំប្លែងភេទ, ១៤ភាគរយ គឺភ្ញៀវនៃក្រុមប្រជាជនគន្លឹះ, ៧ភាគយស្ត្រី និង ៧ភាគរយ បុរសបម្រើសេវាកម្សាន្ត ព្រមទាំង ២ភាគរយ គឺចាក់គ្រឿងញៀន៕
ដោយ៖ ង៉ែត ពិសាន្ត









