រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

WEE-DC មានយុទ្ធសាស្រ្តអ្វីខ្លះ? ដែលកំពុងដាក់ឱ្យដំណើរការជាផ្លូវការនៅកម្ពុជា

KPS99TV

សេចក្តីសង្ខេប

WEE-DC គឺជាឈ្មោះកាត់របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី ដែលបានសម្ពោធដាក់ឱ្យដំណើរការផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទីមួយរបស់កម្ពុជា។ ការដាក់ដំណើរការមជ្ឈមណ្ឌលនេះ គឺមានការរៀបចំឡើងដោយក្រសួងកិច្ចការនារី និងសមាសភាពអ្នកចូលរួមប្រមាណ២,០០០នាក់ រួមមានអ្នកចូលរួមផ្ទាល់ចំនួន៥០០នាក់ និងតាមប្រព័ន្ធអនឡាញ (Zoom) ចំនួន ១,៥០០នាក់។

WEE-DC គឺជាឈ្មោះកាត់របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី ដែលបានសម្ពោធដាក់ឱ្យដំណើរការផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទីមួយរបស់កម្ពុជា។ ការដាក់ដំណើរការមជ្ឈមណ្ឌលនេះ គឺមានការរៀបចំឡើងដោយក្រសួងកិច្ចការនារី និងសមាសភាពអ្នកចូលរួមប្រមាណ២,០០០នាក់ រួមមានអ្នកចូលរួមផ្ទាល់ចំនួន៥០០នាក់ និងតាមប្រព័ន្ធអនឡាញ (Zoom) ចំនួន ១,៥០០នាក់។ ក្នុងនោះ តំណាងថ្នាក់ដឹកនាំជាស្រ្តីនៃរដ្ឋបាលខេត្តព្រះសីហនុ ក៏បានអញ្ចើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ មជ្ឈមណ្ឌល WEE-DC ដែរ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី (WEE-DC) បានដាក់ឱ្យដំណើរការដើម្បីជាកម្លាំងចលករ និងជាយន្តការរបស់សហគ្រិនវ័យក្មេង និស្សិត និងអាជីវករអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនទៅលើជំនាញដែលចាំបាច់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់ពួកគាត់។ មជ្ឈមណ្ឌល WEE-DC មានកម្មវិធីជាយុទ្ធសាស្រ្តចំនួន៤រួមមាន៖ ១. កម្មវិធីអភិវឌ្ឍសមត្ថភាពសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈការបណ្តុះបណ្តាល បង្វិកណែនាំលើការបណ្តុះសហគ្រិនភាព ភាពជាអ្នកដឹកនាំក្នុងវិស័យសេដ្ឋកិច្ច និងជំនាញឌីជីថលជាដើម។ ២. កម្មវិធីគាំទ្រការចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្ម ជាពិសេសសម្រាប់ស្រ្តីវ័យក្មេង និងអាជីវករស្រ្តី។ ៣. កម្មវិធីសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ ដោយផ្តោតលើតម្រូវការ និងនិន្នាការថ្មីៗផ្នែកសេដ្ឋកិច្ច និងយេនឌ័រ និង៤. ការពង្រីកបណ្តាញ និងទីផ្សារក្នុងស្រុក តំបន់ និងសកលសម្រាប់សហគ្រិន និងអាជីវករជាស្រ្តី។

មិនតែប៉ុណ្ណោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ ៥ចំណុចដល់មជ្ឈមណ្ឌល WEE-DC ដើម្បីដើរតួនាទីសម្រាប់ប្រឹក្សា និងផ្តល់យោបល់ជូនស្រ្តីដែលមានបំណងចង់ក្លាយខ្លួនជាសហគ្រិននិងចង់ចាប់ផ្តើមអាជីពដំបូងរបស់ខ្លួន។ ទី១. សូមសហគ្រិនជាស្រ្តី និងដៃគូពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការពង្រឹង និងពង្រីកបណ្តាញសហគ្រិន និងអាជីវករជាស្រ្តីទាំងក្នុងប្រទេស តំបន់ និងសកល ដើម្បីឱ្យក្លាយជាវេទិកាសម្រាប់ចែករំលែកបទពិសោធន៍ ការបណ្តុះបណ្តាលសមត្ថភាព និងការភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារឱ្យកាន់តែទូលំទូលាយ។ ទី២. សូមក្រសួងកិច្ចការនារី តាមរយៈមជ្ឈមណ្ឌល WEE-DC និងដៃគូរពាក់ព័ន្ធពិនិត្យលើអាទិភាពក្នុងការឆ្លើយតបនឹងនិន្នាការថ្មីៗរបស់សង្គម ជាពិសេសផ្នែកសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងការគិតគូរលើកកម្ពស់សុខុមាលភាព។ ទី៣. សូមលើកទឹកចិត្តដល់ស្ថាប័ននិងគ្រឹះស្ថានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ចូលរួមសហការជាមួយមជ្ឈមណ្ឌល WEE-DC និងដៃគូពាក់ព័ន្ធ បង្កើនវិធានការ និងកម្មវិធីហិរញ្ញវត្ថុ ដើម្បីបើកឱកាស និងលទ្ធភាពស្រ្តីជាសហគ្រិន ជាពិសេសស្រ្តីដែលរស់នៅតាមតំបន់ជនបទឱ្យបានចូលរួមពេញលេញក្នុងសកម្មភាពសេដ្ឋកិច្ច។ ទី៤. សូមសំណូមពរមជ្ឈមណ្ឌល WEE-DC ត្រូវគិតគូរបន្ថែម ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលសម្រាប់ប្រឹក្សា និងផ្តល់យោបល់ជូនដល់ស្រ្តីដែលមានបំណងក្លាយខ្លួនជាសហគ្រិននិងចង់ចាប់ផ្តើមអាជីពដំបូងរបស់ខ្លួន។ ការចូលរួមនូវការពិគ្រោះ និងផ្តល់យោបល់នេះ គឺមានសារៈសំខាន់ដល់សង្គម និងសេដ្ឋកិច្ចដែលស្រ្តីកំពុងរួមចំណែកខ្លាំងក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចនៅកម្ពុជា ហើយក៏ជាការបណ្តុះបណ្តាលនូវគំនិតសហគ្រិនភាព និងកាត់បន្ថយការរារែកក្នុងការចាប់យកអាជីព និងការបង្កើតអាជីពថ្មីៗ។ ទី៥. សូមមជ្ឈមណ្ឌល WEE-DC បញ្ចូលកម្មវិធីអភិវឌ្ឍន៍សមត្ថភាពផ្នែកឌីជីថល និងនវានុវត្តន៍ទៅក្នុងគ្រប់កម្មវិធីរបស់ខ្លួន ដើម្បីឱ្យស្រ្តីអាចប្រើឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលក្នុងការលក់ផលិតផល និងការគ្រប់គ្រងហិរញ្ញវត្ថុ និងការតភ្ជាប់ទីផ្សារថ្មីៗ ព្រមទាំងបណ្តាធុរកិច្ចនិងអាជីវកម្ម៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…