រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បារាំងសន្យាបន្តជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាខណៈចំនួនទេសចរបារាំងមកកម្ពុជាកើនឡើងរាល់ឆ្នាំ!

KPS99TV

សេចក្តីសង្ខេប

ឯកអគ្គរដ្ឋទូតបារាំងបានសន្យាបន្តគាំទ្រទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ក្នុងជំនួបជាមួយរដ្ឋមន្ត្រី ហួត ហាក់ ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៥។ ភាគីទាំងពីរក៏ពិភាក្សារៀបចំ Village Francophone សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ឯកឧត្តម Oliver Richard បានគូសបញ្ជាក់ជូនអំពីការចូលរួមដ៏សំខាន់របស់ប្រទេសបារាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជារហូតមក តាមរយៈគម្រោងសហប្រតិបត្តិការជាច្រើនកន្លងមក និងការសន្យាបន្តជួយក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចបន្ថែមទៀត ខណៈចំនួនភ្ញៀវទេសចរបារាំងមកកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ។

ការអះអាងរបស់ឯកអគ្គរដ្ឋទូតបារាំង ធ្វើឡើងក្នុងជំនួបពិភាក្សាការងារឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅស្ថានទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ដោយបានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសបារាំង រដ្ឋាភិបាលបារាំង ប្រជាជនបារាំង និងស្ថានទូតបារាំងប្រចាំកម្ពុជា តែងតែជួយឧបត្តម្ភនិងគាំទ្ររដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជារហូតមកក្នុងការស្តារ និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ស្ថានទូតបារាំងប្រចាំកម្ពុជាដែលបានជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ពិសេសគឺសភាពការណ៍ពិតពីនយោបាយ សុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្បាប់សាធារណៈល្អប្រសើរដល់វិនិយោគិន និងប្រជាជនបារាំងដែលចង់ស្វែងយល់ពីកម្ពុជា។

មិនតែប៉ុណ្ណោះ ឯកឧត្តម ហួត ហាក់ បានសង្កត់ធ្ងន់ថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ដែលបានធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍បារាំងមកទស្សនាកម្ពុជាមានចំនួនច្រើនឡើងជារៀងរាល់ឆ្នាំ និងជាទីផ្សារធំទាំង១០របស់កម្ពុជា។

ជាមួយគ្នានេះ ភាគីទាំងពីរ បានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅនិងប្រកបដោយការស្ថាបនាលើកិច្ចសហការរួមគ្នាជាលក្ខណៈបុរេសកម្ម ដើម្បីរៀបចំភូមិហ្រ្វង់កូហ្វូន (Village Francophone) ឱ្យមានភាពទាក់ទាញ រស់រវើក ប្រកបដោយខ្លឹមសារស៊ីជម្រៅ និងបង្ហាញពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដល់ប្រតិភូជាន់ខ្ពស់ ព្រមទាំងអ្នកចូលរួមក្នុងការកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាឆ្នាំ២០២៦ ខាងមុខ ឱ្យបានទូលំទូលាយដល់ពិភពលោក៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…