នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកម្រោលដោយប្រើយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិកមកទម្លាក់គ្រាប់លើដែនអធិបតេយ្យកម្ពុជា ក្បែរជំរុំជនភៀសសឹក ស្ថិតក្នុងភូមិសាស្រ្តស្រុកស្រីស្នំ ខេត្តសៀមរាប។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានរាយការណ៍ថា នៅវេលាម៉ោង១០៖០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកម្រោលចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ ខេត្តសៀមរាប។
ចំណែក ក្រសួងមហាផ្ទៃកម្ពុជា បានអះអាងដូចគ្នាថា យោធាថៃបានប្រើប្រាស់យន្តហោះ F-16 ហោះចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង ៧០គីឡូម៉ែត្រ ហើយបានទម្លាក់២គ្រាប់នៅភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ក្បែរជំរុំជនភៀសសឹក។ ជាមួយគ្នានេះ លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា យោធាថៃ បានបន្តបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាដោយប្រើកាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែក ចាប់តាំងពីម៉ោង៤និង០០នាទីទៀបថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ។ ខណៈមកទល់នឹងម៉ោង១២និង៥៦នាទី យោធាថៃបានប្រើដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនតាមបណ្តោយព្រំដែនក្នុងភូមិសង្គមថ្មី និងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។ ទន្ទឹមនឹងនេះ យោធាថៃ បានប្រើយន្តហោះចម្បាំង F-16, ដ្រូនទម្លាក់គ្រាប់បែកមកលើភូមិព្រៃចាន់, ភូមិប៉ោយសំរោង, ឃុំអូរបីជាន់ និងភូមិសាស្ត្របឹងត្រកួន និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត






