រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវ ឬទ្ធី ពេជ្រចិន្តា នាំអំណោយជូនជនភៀសសឹក១ពាន់គ្រួសារ នៅជំរុំ២ក្នុងខេត្តសៀមរាប

KPS99TVថតរូប:កែវ ដារ៉ា

សេចក្តីសង្ខេប

លោកជំទាវ ឬទ្ធី ពេជ្រចិន្តា និងក្រុមសប្បុរសជនចែកអំណោយជូនជនភៀសសឹក១ពាន់គ្រួសារ ស្រ្តីទើបសម្រាល១២០នាក់ និងកុមារ២១០នាក់ នៅស្រុកស្វាយលើ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។

នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ ឬទ្ធី ពេជ្រចិន្តា ដឹកនាំក្រុមការងារសប្បុរសជនមានទាំងតារាចម្រៀង ពេជ្រ សូលីកា បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងបរិភោគ ឧបភោគ និងសម្ភារៈចែកជូនប្រជាពលរដ្ឋភៀសសឹកសរុប១ពាន់គ្រួសារនៅជំរុំសុវត្ថិភាពចំនួន២ទីតាំង ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រៅពីនេះ លោកជំទាវក៏បានចែកជូនសម្ភារៈដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន១២០នាក់ និងចែកជូនសម្ភារៈសិក្សា និងកាតាបដល់កុមារភៀសសឹកចំនួន២១០នាក់នៅទីនោះផងដែរ។

សកម្មភាពសប្បុរសធម៌របស់លោកជំទាវ ឬទ្ធី ពេជ្រចិន្តា រួមជាមួយក្រុមការងារ គឺបញ្ជាក់ឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏ខ្លាំងក្លា ស្របពេលប្រទេសជាតិកំពុងរងការវាយប្រហារឈ្លានពានយ៉ាងព្រៃផ្សៃរពីយោធាសៀម ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជាជិត ៦៤ម៉ឺននាក់បាត់បង់ផ្ទះសម្បែង, កុមាររាប់សែននាក់ខកខានមិនបានសិក្សា និងជនស៊ីវិល៣០នាក់ស្លាប់និងរបួស៨៨នាក់។

លោកជំទាវ ឬទ្ធី ពេជ្រចិន្តា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋភៀសសឹកផងដែរ។ យ៉ាងណាក្នុងគ្រាដ៏លំបាកនេះ លោកជំទាវ ក៏បានលើកទឹកចិត្តដល់បងប្អូនពលរដ្ឋភៀសសឹកទាំងអស់ឱ្យរួបរួមសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងខ្លាំង និងកសាងផ្ទះសម្បែង ធ្វើស្រែចំការឡើងវិញ បន្ទាប់ពីសង្គ្រាមឈ្លានពានដោយយោធាសៀមបានបញ្ចប់។

លោកជំទាវ ឬទ្ធី ពេជ្រចិន្តា តែងតែចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងធ្វើសប្បុរសធម៌ជួយដល់វីរៈកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកជាច្រើនរួចមកហើយ។ ដោយឡែក កាលពីថ្ងៃទី១០ ខែធ្នូ លោកជំទាវបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចែកជូនពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតក្នុងស្រុកឆែក ខេត្តព្រះវិហារ។ នៅថ្ងៃទី១៣ ខែធ្នូ លោកជំទាវ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចែកជូនពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពចំនួន២ផ្សេងគ្នាបន្ថែមទៀត គឺមណ្ឌលសុវត្ថិភាពវត្តរុន និងមណ្ឌលសុវត្ថិភាពវត្តប្រិយ៍ ស្ថិតក្នុងខេត្តសៀមរាប៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ឡាយ កុល,  កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…