«ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ យើងត្រូវជំរុញការផ្សព្វផ្សាយការពិតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់កុំឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើង ឬកុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយរីកសាយភាយ»។ នេះជាការលើកឡើងរបស់លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ Say No To Fake News» នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
លោកឡុង ឌីម៉ង់ បានជំរុញឱ្យអ្នកសារព័ត៌មានត្រូវតែប្រកាន់នូវគោលការណ៍ តុល្យភាពព័ត៌មាន ដែលជាក្រមសីលធម៌វិជ្ជាជីវៈមួយរបស់អ្នកសារព័ត៌មាន។ មុននឹងចេញផ្សាយព័ត៌មានត្រូវតែប្រកាន់គោលការណ៍តុល្យភាពព័ត៌មានរវាងបុគ្គលដែលត្រូវគេចោទប្រកាន់ និងត្រូវតែមានការបកស្រាយ។
បើតាមលោកអភិបាលរងខេត្ត ដើម្បីជឿថាព័ត៌មាននោះពិតឬមិនពិត យើងត្រូវពិនិត្យមើលប្រភពព័ត៌មាន កាលបរិច្ឆេទ អត្តសញ្ញាណស្ថាប័ន ឬគណនីដែលផ្សព្វផ្សាយព័ត៌មាន ជាពិសេសត្រូវពិនិត្យមើលថា ព័ត៌មាននោះ មានសារព័ត៌មានវិជ្ជាជីវៈដទៃចុះផ្សាយដែរឬទេ។
លោកឡុង ឌីម៉ង់ បានចាត់ទុកយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជាការក្រើនរំលឹកដល់អ្នកប្រើប្រាស់បណ្តាទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប នឹងផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវ និងពិចារណឱ្យបានម៉តចត់ មុននឹងសម្រេចចិត្តជឿ ឬចែករំលែកព័ត៌មានណាមួយ។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ គឺជានិន្នាការសកលដែលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការបង្កើតយន្តការដោះស្រាយ និងការរិះរកមធ្យោបាយល្អៗ ដោយបូកបញ្ជូលទាំងបច្ចេកទេស បច្ចេកវិទ្យា និងការចូលរួមពីគ្រប់ភាគីរាប់ទាំងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ព័ត៌មានមិនពិតនេះឱ្យមានប្រសិទ្ធភាព។
លោកបន្ថែមថា រាជរដ្ឋាភិបាល ដែលមានក្រសួងព័ត៌មានជាសេនាធិការ បានដាក់ចេញនូវយន្តការ និងវិធានការនៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្រ្ត«៣ប» គឺ«បញ្ជ្រាប បន្សាប និងបង្ក្រាប» ហើយបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបាននឹងកំពុងអនុវត្តកិច្ចការនេះយ៉ាងយកចិត្តទុកដាក់បំផុត តាមរយៈការបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងស្ថាប័នអន្តរជាតិ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមបរទេស Goodle Facbook Tik ToK ជាដើម៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ដោយ៖ ង៉ែត ពិសាន្ត











