កម្ពុជាត្រៀមក្នុងការនាំចេញផ្លែទុរេនស្រស់ ៣កុងតឺន័រទៀត ទៅកាន់ទីផ្សារប្រទេសចិននៅសប្តាហ៍ក្រោយ ខណៈផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោនបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការនាំចេញផ្លែទុរេនលើកដំបូង ធ្វើឡើងដោយក្រុមហ៊ុន អេចអេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បន្ទាប់ពីអគ្គរដ្ឋបាលគយចិន (GACC) កាលពីថ្ងៃទី ០៥ ខែកក្កដា បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។
លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់គុណភាពពីក្រសួងកសិកម្ម ស្របតាមពិធីសារនៃការនាំចេញរួចមក។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ទុរេនទាំងនេះនឹងដឹកចេញតាមច្រកសមុទ្រនៅថ្ងៃស្អែក និងគ្រោងទៅដល់ប្រទេសចិនក្នុងរយៈពេល៩ថ្ងៃទៀត។ បើមិនមានអ្វីប្រែប្រួលទេ យើងនឹងមានទុរេន៣កុងតឺន័រទៀត ត្រៀមដឹកជញ្ជូននាំចេញបន្ថែមនៅសប្តាហ៍ក្រោយ»។
បើតាមលោក ឃឹម ហ្វីណង់ នេះគឺជាការជោគជ័យថ្មីមួយទៀតសម្រាប់ការនាំចេញផ្លែឈើស្រស់របស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលមួយនេះ និងចូលរួមអបអរសាទរដល់កសិករនិងម្ចាស់ចម្ការទាំងអស់គ្នា។ មួយវិញទៀត នេះក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងវិស័យឯកជន៕
ដោយ៖ ង៉ែត ពិសាន្ត










