រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្បួនយានយន្តសហព័ន្ធកីឡាយានយន្តកម្ពុជា ចេញដំណើរពីភ្នំពេញ ទៅអបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្បួនយានយន្តរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកោះកុង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយគណៈកម្មការអន្តរក្រសួង សហការជាមួយសហព័ន្ធកីឡាយានយន្តកម្ពុជា ហើយដំណើរទស្សនកិច្ចមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ កម្មវិធីរួមមាន ការដង្ហែរក្បួនរថយន្ត ការតាំងពិព័រណ៍ និងសម្តែងយានយន្ត ព្រមទាំងសកម្មភាពកម្សាន្តជាច្រើន។
លោក ទៀ ស្យាម បានឱ្យដឹងថា ក្នុងឱកាសនេះ ក៏មានការរៀបចំពិព័រណ៍សមិទ្ធផលប្រវត្តិសាស្ត្រនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ និងសមិទ្ធផលរយៈពេល២៨ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទី ព្រមទាំងការបន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះ ក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម ការសម្តែងសិល្បៈ ប្រគុំតន្ត្រី របាំមហាជន និងការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិផងដែរ។
លោកបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីការរីកចម្រើននៃវិស័យយានយន្ត និងវិស័យកីឡានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្មារតីយុវជន និងប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រវិស័យកីឡា ពង្រឹងសុខភាព សាមគ្គីភាព និងស្មារតីស្រឡាញ់ជាតិផងដែរ។
ជាមួយគ្នានេះ លោក ទៀ ស្យាម ក៏បានអំពាវនាវដល់មន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមទស្សនាកម្សាន្តស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតក្នុងខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិ ឆ្នេរសមុទ្រ អេកូទេសចរណ៍ និងសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏សម្បូរបែបផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…