រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សាលាដំបូងខេត្តកំពត ផ្តន្ទាទោសជនជាតិចិន ៦នាក់ ដាក់ពន្ធនាគារមួយជីវិត ករណីចាប់ជំរិត និងសម្លាប់និស្សិតកូរ៉េខាងត្បូងយ៉ាងឃោរឃៅ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២៧ ខែឧសភា បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិនចំនួន ៦នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងសំណុំរឿងចាប់ជំរិត និងធ្វើទារុណកម្មសម្លាប់និស្សិតជនជាតិកូរ៉េខាងត្បូងវ័យ ២២ឆ្នាំម្នាក់យ៉ាងព្រៃផ្សៃបំផុត។ ជនជាប់ចោទទាំង៦នាក់ដែលតុលាការរកឃើញពិរុទ្ធភាពនោះរួមមានឈ្មោះ Li Xing Peng (៣៤ឆ្នាំ), Liu Haoxing (៣០ឆ្នាំ), Zhu Renzhe (៤៣ឆ្នាំ), Yin Song Wan (៥៤ឆ្នាំ), Jin Tian Long (៤៤ឆ្នាំ) និងឈ្មោះ Li Guang Hao (៣៥ឆ្នាំ) ដែលបានប្រព្រឹត្តបទល្មើសយ៉ាងសាហាវទៅលើជនរងគ្រោះឈ្មោះ Park Min-ho។
សោកនាដកម្មនេះបានផ្តើមឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ពេលដែលជនរងគ្រោះទើបតែធ្វើដំណើរមកដល់ប្រទេសកម្ពុជា ហើយក៏ត្រូវធ្លាក់ខ្លួនចូលក្នុងអន្ទាក់ក្រុមឆបោកអនឡាញ និងត្រូវចាប់ជំរិតទារប្រាក់តែម្តង។ លុះដល់វេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានស្ទាក់ឃាត់រថយន្តសង្ស័យមួយគ្រឿងនៅតំបន់ភ្នំបូកគោ ខេត្តកំពត និងបានប្រទះឃើញសពជនរងគ្រោះ ដែលរបាយការណ៍កោសល្យវិច័យរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថាមានស្នាមជាំ និងរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ មុនឈានដល់ការចុះបង្ក្រាបទីតាំងវីឡាមួយកន្លែងក្នុងបុរីក្រោន ក្រុងបូកគោ ដែលជាសំបុកឧក្រិដ្ឋកម្មឆបោក និងបង្ខាំងមនុស្សខុសច្បាប់។
យោងតាមការជំនុំជម្រះរបស់សាលាដំបូងខេត្តកំពត ទង្វើរបស់ក្រុមជនជាប់ចោទ គឺបំពានយ៉ាងធ្ងន់ធ្ងរលើក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសធ្វើទារុណកម្ម អំពើឃោរឃៅ និងការឆបោកធ្ងន់ធ្ងរ ដែលត្រូវទទួលទោសជាអតិបរមា។ មិនត្រឹមតែប៉ុណ្ណោះ មេក្លោងធំជនជាតិចិនវ័យ ៤២ឆ្នាំ ឈ្មោះ Xian ដែលតែងតែបញ្ជាពីចម្ងាយចេញពីប្រទេសថៃ ក៏ត្រូវបានកម្លាំងចម្រុះចាប់ខ្លួនបាននៅទីក្រុងប៉ាតាយ៉ា កាលពីដើមឆ្នាំនេះផងដែរ ដែលនេះសបញ្ជាក់ពីការបិទបញ្ចប់សំណុំរឿងដ៏កក្រើកមួយនេះដោយយុត្តិធម៌៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…