(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញកសិផលប្រមាណ ៧,៨លានតោន ទៅកាន់ ៧៨ ប្រទេសនៅលើពិភពលោក។ ការណ៍នេះ នាំឱ្យកម្ពុជាទទួលបានចំណូលប្រមាណ ២ ៨៧២លានដុល្លារ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីខែមករា ដល់មិថុនា កម្ពុជាបាននាំចេញកសិផលប្រមាណ ៧,៨លានតោន ទៅកាន់ ៧៨ ប្រទេសនៅលើពិភពលោក ក្នុងនោះស្រូវមានជាង ៣,១លានតោន, អង្ករជាង ៣៨ម៉ឺនតោន និង ដំណាំក្រៅពីស្រូវ-អង្ករ មានជាង ៤,២លានតោន។ តួលេខនេះ កើនឡើង ២៧,៦៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
ចំណូលទទួលបានពីការនាំចេញកសិផលទាំងនេះ មានចំនួនជាង ២ ៨៧២លានដុល្លារ ក្នុងនោះស្រូវ បានរួមចំណែក ៦៣៨លានដុល្លារ, អង្ករមានជាង ៣០៧លានដុល្លារ និងដំណាំផ្សេងទៀត មានជាង ១ ៩២៦លានដុល្លារ។
ទោះបីជាការនាំចេញកសិផលសរុបក្នុងឆមាសទី១នេះ មានការកើនឡើង ប៉ុន្តែ ផលិតផលដំណាំមួយចំនួន ដូចជាដំឡូងមីស្រស់, ពោតក្រហម និងស្វាយស្រស់ បានថយចុះ។ ការណ៍នេះ បណ្ដាលមកពីកសិករ ដំឡូងមីស្រស់ ទៅហាលក្រៀម និងកែច្នៃជាម្សៅ ជំនួសឱ្យការនាំចេញស្រស់វិញ។ ចំណែក ពោតក្រហម ត្រូវបានក្រុមហ៊ុនក្នុងស្រុកប្រមូលទិញក្នុងទំហំធំ ដើម្បីកែច្នៃធ្វើជាចំណីសត្វ។ រីឯស្វាយវិញ ក៏ត្រូវបាន រោងចក្រក្នុងស្រុកប្រមូលទិញ កែច្នៃទៅជាដំណាប់ស្វាយ ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។
សូមជម្រាបថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាក៏បាននាំចេញកសិផលកសិកម្មប្រមាណ ៦លានតោន ទៅកាន់ ៧៧ប្រទេស កើនឡើង ៥៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានជិត ៤លានតោន៕
ដោយ៖ ចិន្តា ទីទិ









