រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សមាគមនារីក្រសួងព័ត៌មាន ប្រគល់ទឹកដោះគោ Angkor Milk ៥០០កេស ជូនកាកបាទក្រហមកម្ពុជា រួមចំណែកលើកកម្ពស់សកម្មភាពមនុស្សធម៌

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភ្នំពេញ៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកាសមាគម បាននាំយកទឹកដោះគោ Angkor Milk ចំនួន ៥០០កេស ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌ និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាកនៅទូទាំងប្រទេស។

ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការទទួលពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានថ្លែងកោតសរសើរ និងអំណរគុណចំពោះសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ដែលតែងតែចូលរួមគាំទ្រ និងនាំយកអំណោយមនុស្សធម៌មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីបន្តចែករំលែកដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយ។ លោកជំទាវបានគូសបញ្ជាក់ថា សមាគមបានអនុវត្តសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើន ដែលបានរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាការឆ្លើយតប លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលតែងផ្តល់ឱកាសឱ្យសមាគមចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងការងារសប្បុរសធម៌នានា។ លោកជំទាវបានលើកឡើងថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ឈានមុខ ដែលមានបណ្តាញសាខាគ្របដណ្តប់ទូទាំងប្រទេស និងមានសមត្ថភាពឆ្លើយតបបានយ៉ាងទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកជំទាវបន្ថែមថា ដោយសារទំនុកចិត្តខ្ពស់លើប្រសិទ្ធភាពការងាររបស់កាកបាទក្រហមកម្ពុជា សប្បុរសជន និងស្ថាប័នជាច្រើន តែងផ្តល់ការគាំទ្រ និងជំនួយតាមរយៈក្រសួងព័ត៌មាន ដើម្បីបន្តប្រគល់ជូនកាកបាទក្រហមកម្ពុជា សម្រាប់ចែករំលែកដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

ក្នុងឱកាសនោះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបន្តដឹកនាំស្ថាប័នមនុស្សធម៌ដ៏មានតម្លៃមួយនេះ ក្នុងបេសកកម្មជួយសម្រាលទុក្ខលំបាក និងនាំមកនូវសេចក្ដីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…