ក្រុមការងារចល័តចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តរឹតបន្តឹងការអនុវត្តច្បាប់លើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយរកឃើញ និងពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់សរុបចំនួន ៧គ្រឿង នៅខេត្តកណ្ដាល និងខេត្តព្រៃវែង។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំរបស់ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការដឹកនាំពី ឯកឧត្តម គឹម សាន់ និងឯកឧត្តម ម៉ី ម៉ារ៉ាឌី រួមជាមួយសមាជិកក្រុមការងារចល័តចម្រុះ។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានសហការជាមួយស្ថានីយជញ្ជីងអង្គស្នួល ខេត្តកណ្ដាល ត្រួតពិនិត្យ និងពិន័យយានយន្តចំនួន ២គ្រឿង ដែលដឹកលើសទម្ងន់អនុញ្ញាតចន្លោះពី ៦តោន ដល់ ១១តោន។ ដោយឡែក នៅស្ថានីយជញ្ជីងរំចេក ខេត្តព្រៃវែង បានរកឃើញ និងពិន័យយានយន្តចំនួន ៥គ្រឿង ដែលដឹកលើសទម្ងន់អនុញ្ញាតចន្លោះពី ៥តោន ដល់ ១២តោន។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្ត និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ឱ្យគោរពច្បាប់ និងអនុវត្តតាមតម្រាយផ្លូវដែលអនុញ្ញាតសម្រាប់យានយន្តធុនធ្ងន់ឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ ក្រុមការងារចល័តចម្រុះនឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបការដឹកជញ្ជូនលើសទម្ងន់នៅទូទាំងប្រទេស ដើម្បីការពារគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយមិនមានការលើកលែងឡើយ៕ ដោយ៖ ប៉ៃ សុឃីម













