រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំនិយាយជាមួយ ថាក់ស៊ីន នាំចង្រៃខ្លួនទេ»!

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកថា សម្តេចទៅវិញទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ព្រោះអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក!។

ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន៖

ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ!

ជាការកត់សំគាល់របស់ខ្ញុំ ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ២០០៦មកម្លេះ ហើយខ្ញុំក៏មិនចង់លើករឿងអ្នកឯងប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំតែធ្វើឲ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាអ្នកឯងទទួលស្គាល់ថាពិតជាមានមែន។

ប៉ុន្មានថ្ងៃមុនលោកនិយាយថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៍ទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងដូចកូនស្រីលោកប្រមាថមេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈដែលជាមូលហេតុធ្វើឲ្យមានការខឹងសម្បាពីប្រជាជនកម្ពុជា។

ខ្ញុំចង់សួរលោកថា បើខ្ញុំអត់សីលធម៍ ហេតុអ្វីបានជាលោកពឹងពាក់ខ្ញុំអស់រយៈពេល១៩ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។

លោកចាំបានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពីគំនិតមួយចំនួននៅមានទ្រឹស្តីមួយគឺ (ថាក់ស៊ីនគិត ភឿថៃធ្វើ) នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែល ខ្ញុំគួរតែរំលឹកដល់លោក។

នៅមានរឿងច្រើនណាស់ដែលខ្ញុំមិនទាន់និយាយរាប់ទាំងការតែងតាំងសមាជិករដ្ឋាភិបាលផងដែរ។

ការចោទប្រកាន់ថា លោកដឹកនាំបក្សភឿថៃគឺជារឿងពិត រាប់ទាំងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិនមែនជាគំនិត អ៊ុង អ៊ីនទេ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…