(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ URBAN VILLAGE អគារ E-F-G-H ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រកឃើញជនបរទេសចំនួន ២០នាក់ និងមានជាប់ពាក់ព័ន្ធបទល្មើស Online Scams ចំនួន៦នាក់។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះធ្វើរដ្ឋបាល និងស្រាវជ្រាវ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scmas)។
កម្លាំងចម្រុះរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងខុនដូរ URBAN VILLAGE អគារ E-F-G-H ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើកម្លាំងចម្រុះរកឃើញមនុស្សចំនួន ២០នាក់ (ស្រី២) មាន ២សញ្ជាតិ, ជនជាតិចិន ១៩នាក់ (ក្នុងនោះមានជនជាតិតៃវ៉ាន់ ០១នាក់ស្រី), ជនជាតិវៀតណាម ០១នាក់ (ស្រី)។ ក្នុងនោះមានជាប់ពាក់ព័ន្ធ Online Scams ០៦ នាក់ (ចិន) និងជាប់ពាក់ព័ន្ធស្នាក់នៅខុសច្បាប់ចំនួន ១៤នាក់។
វត្ថុតាងរកឃើញក្នុងបន្ទប់លេខ H៥៥-០៦ រួមមាន៖ កុំព្យូទ័រយួរដៃ ០៦គ្រឿង និងទូរស័ព្ទដៃចំនួន ៣២គ្រឿង។ ចំពោះមនុស្ស និងសម្ភារវត្ថុតាងខាងលើ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។ ចំពោះបន្ទប់ខាងលើ សម្រេចបិទឃ្លុំជាបណ្តោះអាសន្ន៕
ដោយ ៖ ឡាយ កុល











