សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា កម្ពុជានៅតែមានក្ដីព្រួយបារម្ភចំពោះស្ថានការណ៍នៅតាមតំបន់ព្រំដែន ដែលភាគីថៃនៅតែបន្តកាន់កាប់ទីតាំងមួយចំនួនស្ថិតជ្រៅក្នុងទឹកដីកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតីអញ្ជើញចូលរួមពិធីបើក ASEAN Future Forum 2026 នៅប្រទេសវៀតណាម នាថ្ងៃទី០៩ ខែមិថុនា។
សម្ដេចធិបតីបានបញ្ជាក់ថា ទោះបីជាបទឈប់បាញ់រវាងកម្ពុជានិងថៃនៅតែមានប្រសិទ្ធភាពក៏ដោយ ប៉ុន្តែស្ថានភាពបច្ចុប្បន្ននៅតែស្ថិតក្នុងភាពផុយស្រួយ និងត្រូវការការប្រុងប្រយ័ត្នខ្ពស់ពីភាគីទាំងពីរ។
សម្ដេចធិបតីមានប្រសាសន៍ថា៖ «កម្ពុជានៅតែមានក្ដីព្រួយបារម្ភចំពោះស្ថានការណ៍ជាក់ស្តែងនៅលើដី ក្នុងតំបន់ដែលកំពុងស្ថិតក្រោមការកាន់កាប់និងងស្ថិតជ្រៅក្នុងទឹកដីកម្ពុជា។ ព្រំដែន និងអធិបតេយ្យភាពជាតិ មិនអាចត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចនៅលើដីជាក់ស្តែងនោះឡើយ»។
សម្ដេចបន្តថា ទាំងកម្ពុជា និងថៃ បានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធី និងខិតខំប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ឱ្យទៅជាសន្តិភាពអចិន្ត្រៃយ៍នៅតាមតំបន់ព្រំដែន។
សម្ដេចនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ភាគីទាំងពីរនៅតែបន្តគោរព និងប្រកាន់ខ្ជាប់នូវសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះ ភាគីទាំងពីរត្រូវអនុវត្តខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នេះឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនិងជាបន្ទាន់។ ពិសេសចំណុចទី៣ នៃសេចក្ដីថ្លែងការណ៍រួម ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក Joint Boundary Commission (JBC) ដើម្បីជំរុញការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត







