រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនជប៉ុន MinebeaMitsumi ពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសមជាមួយលោក ម៉ាសាយ៉ូគិ អ៊ីវ៉ាគុរ៉ា (Masayuki IWAKURA) ប្រធានគ្រប់គ្រងផ្នែកផលិតផលឆ្លាតវៃ នៃរោងចក្រហាម៉ាម៉ាត្សូ ប្រទេសជប៉ុន របស់ MinebeaMitsumi Co., Ltd. នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងផ្តោតលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការស្វែងរកឱកាសវិនិយោគរវាងរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនជប៉ុនឈានមុខគេមួយនេះ ដែលមានជំនាញក្នុងវិស័យផលិតកម្មបច្ចេកវិទ្យា និងផលិតផលឆ្លាតវៃ។
ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ាសាយ៉ូគិ អ៊ីវ៉ាគុរ៉ា និងគណៈប្រតិភូ ព្រមទាំងបានលើកឡើងពីសក្តានុពល និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ ដែលកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាគោលដៅទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើឱកាសវិនិយោគក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋក្នុងខេត្ត។
ជាការឆ្លើយតប លោក ម៉ាសាយ៉ូគិ អ៊ីវ៉ាគុរ៉ា បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងបានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។
ជំនួបនេះត្រូវបានចាត់ទុកថា ជាជំហានមួយក្នុងការពង្រឹងទំនាក់ទំនងរវាងរដ្ឋបាលខេត្តព្រះសីហនុ និងវិស័យឯកជនរបស់ជប៉ុន ដើម្បីលើកកម្ពស់ការវិនិយោគ ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយចីរភាព៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…