រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងនគរបាលខេត្តព្រះសីហនុបង្ក្រាបក្រុមចោរកាត់ខ្សែភ្លើងក្នុងអគារបិទសៀល ពាក់ព័ន្ធការបង្ក្រាប Scam Online ឃាត់ខ្លួនជនសង្ស័យ ៧នាក់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបន្តពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដោយថ្មីៗនេះបានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសមួយ ពាក់ព័ន្ធនឹងសកម្មភាពគាស់ទម្លុះចូលកាត់ខ្សែភ្លើង និងលួចសម្ភារៈនៅក្នុងអគារដែលត្រូវបានបិទសៀលក្រោយប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទាំង៤ បានចុះបង្ក្រាបករណីខាងលើនៅអគារជីនប៉ី៤ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរចំនួន ៧នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពលួចកាត់ខ្សែភ្លើង និងយកសម្ភារៈផ្សេងៗចេញពីអគារ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងចៀសវាងការទិញ ឬទទួលយកសម្ភារៈដែលមានប្រភពមិនច្បាស់លាស់ ព្រោះការទទួលទិញ រក្សាទុក ឬលាក់បាំងទ្រព្យសម្បត្តិដែលដឹងថាបានមកពីអំពើល្មើស គឺជាទង្វើខុសច្បាប់ និងអាចប្រឈមមុខនឹងការផ្តន្ទាទោសដូចគ្នា។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏កំពុងបន្តការស្រាវជ្រាវបន្ថែម ដើម្បីកំណត់អត្តសញ្ញាណបុគ្គល ឬក្រុមណាដែលពាក់ព័ន្ធនឹងការទទួលផលពីអំពើចោរកម្មនេះផងដែរ។ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…