រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រជាពលរដ្ឋជាង ៧០០នាក់ នៅស្រុកក្រូចឆ្មារ ទទួលបានសេវាពិនិត្យ និងវះកាត់ភ្នែកដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យជំនាញក្រសួងសុខាភិបាល

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រុមគ្រូពេទ្យជំនាញនៃកម្មវិធីជាតិសុខភាពភ្នែក របស់ក្រសួងសុខាភិបាល បានចុះផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

សេវាកម្មនេះផ្តោតលើការពិនិត្យ និងព្យាបាលជំងឺភ្នែកផ្សេងៗ ដូចជា ភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ភ្នែកស្រវាំង និងបញ្ហាភ្នែកផ្សេងៗទៀត ដោយប្រើប្រាស់បច្ចេកទេស និងឧបករណ៍ទំនើប។

គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យបានពិគ្រោះ និងពិនិត្យជូនប្រជាពលរដ្ឋសរុបចំនួន ៧២៦នាក់ ក្នុងនោះស្ត្រី ៥០៥នាក់ ខណៈអ្នកជំងឺចំនួន ៣០៦នាក់ ក្នុងនោះស្ត្រី ២១២នាក់ បានទទួលការវះកាត់ភ្នែកដោយជោគជ័យ។

លោក ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កម្មវិធីនេះមានគោលបំណងលើកកម្ពស់សុខភាពភ្នែករបស់ប្រជាពលរដ្ឋ និងរួមចំណែកសម្រេចចក្ខុវិស័យសុខាភិបាលកម្ពុជា ឆ្នាំ២០៣៥។

លោកបានបន្ថែមថា សុខភាពភ្នែកល្អ គឺជាកត្តាសំខាន់ដែលជួយឱ្យប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតបានល្អប្រសើរ និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចសហគមន៍។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ជាពិសេសជំងឺភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន និងភ្នែកស្រវាំង ឱ្យមកទទួលសេវាពិនិត្យ និងព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ដើម្បីទទួលបានការថែទាំប្រកបដោយគុណភាព និងសុវត្ថិភាព។

សូមជម្រាបថា កម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល តែងរៀបចំសកម្មភាពពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំ នៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកស្រុកនានាទូទាំងខេត្ត ដើម្បីបង្កើនឱកាសឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយសមធម៌ និងគុណភាព៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…