នៅថ្ងៃទី១៤ ខែតុលា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆបោកជ្រើសរើសពលករទៅធ្វើការនៅប្រទេសរុស្ស៊ី ក្រោមការសន្យាផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ និងកុំជឿលើការសន្យាក្លែងក្លាយ។
ក្រសួងការងារបានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា និងរុស្ស៊ីមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទងនឹងការផ្លាស់ប្តូរកម្លាំងពលកម្ម ឬការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសរុស្ស៊ីនៅឡើយទេ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា បុគ្គល ឬក្រុមមួយចំនួនកំពុងជ្រើសរើសពលករទៅធ្វើការនៅប្រទេសរុស្ស៊ី ដោយសន្យាផ្តល់ប្រាក់ខែខ្ពស់ ហើយថែមទាំងអះអាងថានឹងផ្តល់ប្រាក់ឧបត្ថម្ភជាមុនដល់គ្រួសារអ្នកដាក់ពាក្យ ដើម្បីទាក់ទាញប្រជាពលរដ្ឋឱ្យចុះឈ្មោះ។
ក្រសួងការងារបានរំលឹកឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងការស្វែងរកការងារ និងពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានជ្រើសរើសពលករ ព្រមទាំងលក្ខណៈសម្បត្តិ និងការអនុញ្ញាតពាក់ព័ន្ធឱ្យបានហ្មត់ចត់ ដើម្បីជៀសវាងការខាតបង់ដោយសារជឿលើការសន្យាផ្តល់ប្រាក់ខែខ្ពស់។
ក្រសួងការងារបានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយជ្រើសរើសពលករ ឬការរៀបចំបញ្ជូនពលករទៅធ្វើការនៅប្រទេសរុស្ស៊ី ដោយគ្មានការអនុញ្ញាតស្របច្បាប់ពីស្ថាប័នមានសមត្ថកិច្ច គឺជាអំពើខុសច្បាប់ ហើយអ្នកពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវតាមច្បាប់។







