ដំបូលសាលារៀនឯកជនកម្ពស់ ៣ ជាន់ មានសិស្សានុសិស្សចុះឈ្មោះរៀនប្រមាណ ១២០០ នាក់មួយកន្លែងក្នុងទីក្រុង Peshawar ខេត្ត Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន បានបាក់ស្រុតធ្លាក់សង្កត់ផ្តាច់ជីវិតកុមារចំនួន ២៨ នាក់ និងគ្រូបង្រៀនស្រីម្នាក់ទៀតនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលានេះ ខណៈដែលមនុស្សជាង ៥០ នាក់ផ្សេងទៀត រងរបួស។
អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា កុមារទាំងអស់ដែលបានស្លាប់ ឬរងរបួស មានអាយុ ១៣ ឆ្នាំ ឬក្រោមនេះ ខណៈដែលកុមារផ្សេងទៀត ដែលជាប់គាំងនៅក្រោមគំនរបាក់បែក ត្រូវបានសង្រ្គោះចេញនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងប៉ូលិសបានបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើមូលហេតុនៃការបាក់ស្រុតនេះ ស្របពេលដែលម្ចាស់សាលារៀននេះ ត្រូវបានចាប់ខ្លួន ដោយសារតែអគារនេះមានសភាពចាស់ទ្រុឌទ្រោម និងមិនមានស្ដង់ដារសុវត្ថិភាព។
ហេតុការណ៍បាក់អគារ និងដំបូលសាលារៀន តែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសប៉ាគីស្ថាន ជាកន្លែងដែលស្ដង់ដារសំណង់ត្រូវបានគេមើលរំលង និងអនុវត្តយ៉ាងធូររលុង ដោយអគារជាច្រើនត្រូវបានសាងសង់ឡើងដោយប្រើប្រាស់សម្ភារៈមិនសូវមានគុណភាព មិនគោរពតាមបទប្បញ្ញត្តិសុវត្ថិភាព ដើម្បីកាត់បន្ថយការចំណាយ៕អត្ថបទដោយ៖ រិទ្ធី








