(ខេត្តព្រះសីហនុ)៖ ក្នុងឱកាសដ៏មង្គលសួស្តី នៃថ្ងៃខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥, ឧកញ៉ា ឫទ្ធី រស្មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមរៈ និងជាអគ្គនាយកស្ថានីយទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី សូមមានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួនប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងទទួលបានជោគជ័យលើគ្រប់ភារកិច្ច ជាពិសេសសូមប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
នាឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ដឹកនាំរាជរដ្ឋាភិបាលបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ក្រោមការដឹកនាំរាជរដ្ឋាភិបាលបន្តវេន របស់សម្តេចមហាបវរធិបតី ប្រជាជនកម្ពុជាបន្តរួមរស់ជាមហាគ្រួសារ ប្រកបដោយសុភមង្គល វិបុលភាព, មោទនភាពជាតិ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាលកម្ពុជា កាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍៕








